(ពោធិ៍សាត់)៖ មនុស្សចាស់ គឺជាធនធាន មនុស្សដ៏មានតម្លៃ ជាគ្រូបាធ្យាយ ជាអាណាព្យាបាល ជាម្លប់ដ៏ត្រជាក់សម្រាប់គ្រួសា និងសង្គមជាតិ ដោយមិនអាចកាត់ថ្លៃបាន ព្រោះលោកជាអ្នកបង្កើត និងផ្តល់នូវអ្វីៗគ្រប់បែបយ៉ាង ទាំងចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ល្អៗ ដ៏ច្រើនលើសលប់ ដល់មនុស្សជំនាន់ក្រោយ បានរស់នៅដោយសុខក្សេមសាន្ត។
នេះគឺជាប្រសាសន៍របស់លោកស្រី ឯម ប៉ុណ្ណា សមាជិការរដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលបានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយនិវត្តន៍ជនជាស្ត្រី បណ្តាមន្ទីរអង្គភាពជុំវិញខេត្តចំនួន ១៥២នាក់ និងបណ្តាញសមាគមនារី ៤២នាក់ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ពោធិ៍សាត់ ដើម្បីចូលរួមអបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោកស្រីទាំងទ្វេបានចាត់ទុក លោកយាយ លោកអុំ និងអ្នកមីង ជាក្រុមគ្រួសារតែមួយ និងសុំដាក់ចិត្ត ដាក់កាយ រួមសុខ រួមទុក្ខ និងផ្សាភ្ជាប់នូវមនោសញ្ចេតនាគោរពស្រឡាញ់គ្នា។ ជាការពិតណាស់ថា មនុស្សចាស់ បានឆ្លងកាត់ ការបត់បែនជាច្រើនដំណាក់កាល ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ បន្ទាប់មកក៏បានវិលមករកភាពរុងរឿង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែចាត់ទុកស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច នៃសង្គមជាតិ និងបានបង្កើនសំណាញ់សុវត្ថិភាពសង្គម សម្តៅធានាកំរិតជីវភាពរស់នៅរបស់នៅជាស្រ្តី ដែលបានចូលនិវត្តន៍ប្រកបដោយសុខដុមរមនា ជាមួយក្រុមគ្រួសារ និងសហគមន៍។
លោកស្រីបានលើកឡើងទៀតថា ដោយសារសង្គមជាតិមានសុខសន្តិភាពពេញលេញទូទាំងប្រទេសនោះ បណ្តាញសមាគមនារីខេត្តពោធិ៍សាត់ ត្រូវបានរៀបចំរចនាសម្ព័ន្ធតាំងពីថ្នាក់ខេត្ត បណ្តាមន្ទីរ អង្គភាពរហូតដល់ថ្នាក់ស្រុក ក្រុង ឃុំសង្កាត់ និងភូមិ ដែលបាននឹងកំពុងធ្វើសកម្មភាព ក្នុងការលើកកម្ពស់សិទ្ធិតួនាទីស្ត្រី ក្នុងការធ្វើសេចក្តីសំរេចចិត្តនានា ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍន៍។
លោកស្រីបានសង្កេតឃើញថា ស្ត្រីមានសេចក្តីក្លាហាន ធ្វើជាម្ចាស់ជោគវាសនា បានក្លាយទៅជាថ្នាក់ដឹកនាំជាបន្តបន្ទាប់តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។ ស្ថិតក្នុងស្ថានភាពបែបនេះ ក្នុងនាមសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ សូមសម្តែងនូវការគោរព និងដឹងគុណជានិច្ច ចំពោះ លោកយាយ លោកអុំ និងអ្នកមីង ជាមន្ត្រីរាជការចូលនិវត្តន៍គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ពិតជាធនធានមនុស្សដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះលោកជាអ្នកមានគុណ ជាអ្នកបង្កើត និងផ្តល់នូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ជាគ្រូបាធ្យាយ និងជាអាណាព្យាបាលម្លប់ដ៏ត្រជាក់នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិព្រមទាំងសូមឱ្យជួយចូលរួមថែរក្សាស្នាដៃគម្រូដ៏ល្អនេះ បញ្ជ្រាប និងតម្រង់ទិសដល់កូន ដល់ចៅ ដល់ក្មួយៗជំនាន់ក្រោយ ឱ្យរក្សាបាននូវសីលធម៌ តម្លៃស្ត្រី និងគ្រួសារខ្មែរ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងគោរពច្បាប់ចរាចរណ៍។
ជាងនេះទៅទៀត នោះគឺពេលវេលានៃការបោះឆ្នោត កាន់តែខិតជិតមកដល់ ហេតុនេះសូមពរលោកយាយ លោកអុំ និងអ្នកមីងទាំងអស់ មេត្តាជួយជម្រុញសមាជិក គ្រួសាររបស់ខ្លួន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបន្តការខិតខំថែរក្សាបញ្ហាសុខុមាលភាពកាន់តែមានអាយុវែង ដើម្បីបានមើលឃើញនូវការអភិវឌ្ឍន៍ប្រទេសជាតិ និងការគ្រប់គ្រងកូនចៅឱ្យកាន់តែមានភាពរីកចម្រើនជានិរន្តន៍រៀងទៅ។
បន្ទាប់ពីលោកស្រី ប៉ាល់ ឡាអ៊ីន អតីតជាមន្ត្រីមន្ទីរពេទ្យខេត្ត តំណាងស្ត្រីចូលនិវត្តន៍ បានសម្តែងនូវអំណរគុណចំពោះលោកស្រី ហ៊ុន ចាន់ធី លោកស្រី ឯម ប៉ុណ្ណា និងក្រុមការងារ ដែលបានរៀបចំកម្មវិធីសំណេះសំណាលនោះរួចមក ក៏មានចែកជូនវត្ថុកំដរដៃដល់ស្រ្តីចូលនិវត្តន៍ទាំង ១៥២នាក់ ក្នុងម្នាក់ៗទទួលបាននូវសំពត់ ១ដុំ និងថវិកា ៥ម៉ឺនរៀល ដែលជាអំណោយផ្ទាល់របស់លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និងរៀបចំទទួលទានអាហាថ្ងៃត្រង់មួយពេលផងដែរ៕