(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីប្តឹងតវ៉ា ហើយត្រូវចាប់ឆ្នោតទទួលយកដី ដើម្បីបញ្ចប់ទំនាស់នាពេលនេះ គប្បីប្រើប្រាស់ដីអាស្រ័យផលនេះឲ្យអស់ពីលទ្ធភាព ហាមលក់ដូរ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។
នេះជាការលើកឡើង របស់លោក ម៉ៅ ធនិន ក្នុងពិធីបែងចែក និងចាប់ឆ្នោតទទួលយកដីអាស្រ័យផល (ដីកសិកម្ម) ជូនប្រជាពលរដ្ឋចំនួន៦៤គ្រួសារ នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន និង២១គ្រួសារទៀត នៅភូមិជង្រុក និងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានទំនាស់ប្តឹងតវ៉ាទាមទារដ៏រ៉ាំរ៉ៃជាមួយដីក្រុមហ៊ុន តូច ហ៊ាវ អភិវឌ្ឍន៍ដំណាំដំឡូងមី និងជាមួយដីមណ្ឌលកែប្រែទី៤ (ម៤)។
លោក ម៉ៅ ធនិន បានថ្លែងថា ការបែងចែក និងចាប់ឆ្នោតទទួលយកដីកសិកម្មនាពេលនេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង។
លោកក៏បានបន្តទៀតថា ការរស់នៅមិនអាចឲ្យបងប្អូនរស់នៅត្រង់នេះមួយដុំ ត្រង់នោះមួយដុំបានទេ គឺបងប្អូនត្រូវរស់នៅជាលក្ខណ:ប្រមូលផ្តុំ ងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំជាភូមិករ ជីកស្រះទឹក អណ្តូងទឹក ផ្លូវ មណ្ឌលសុខភាព សាលារៀន ជូនកូនចៅយើងឲ្យបានរស់នៅ និងសិក្សារៀនសូត្រសមរម្យ។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការទាំងអស់គ្នា ក្នុងការលុបបំបាត់ទាំងក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីផ្តល់ភាពសុខសាន្តក្នុងសង្គមគ្រួសារ ក៏ដូចក្នុងសង្គមជាតិយើងទាំងមូល។
ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋបានសម្តែង នូវការសប្បាយរីករាយ ដោយអបអរសាទរ និងយល់ព្រមទទួលយក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់អភិបាលខេត្ត ដែលបានចំណាត់ការប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរ និងយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ ជាក់ស្តែងដូចជាពួកគាត់ជាដើម។
គួរបញ្ជាក់ថាទំនាស់ប្តឹងតវ៉ាទាមទារដីធ្លីជាកម្មសិទ្ធិ គឺកើតមានជាច្រើនឆ្នាំមកហើយ ជាលទ្ធផលប្រជាពលរដ្ឋ ៤៦គ្រួសារ នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន បានយល់ព្រមទទួលយកដីសម្រាប់អាស្រ័យផល ក្នុងមួយគ្រួសារ១ហិកតា និង២១គ្រួសារទៀត នៅភូមិជង្រុក និងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ បានយល់ព្រមទទួលយកដីសម្រាប់អាស្រ័យផល ក្នុងមួយគ្រួសារ ១,៥ហិកតា និងបានចាប់ឆ្នោតយកលេខរៀង ដើម្បីចូលទៅកាន់ក្បាលដីរៀងៗខ្លួន។
ឆ្លៀតក្នុងឱកាសនោះលោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃដល់តំណាងគ្រួសារនីមួយៗ ទាំង២កន្លែងផ្សេងគ្នា សរុបចំនួន៨៥នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ផងដែរ៕