(ពោធិ៍សាត់)៖ ពិតជាអាណោចអាធ័មណាស់លោកអើយ ក្មេងប្រុសស្រី២នាក់ បានលង់ទឹកស្ទឹងពោធិ៍សាត់ ស្លាប់បាត់បង់ជីវិតទាំងព្រឹកព្រលឹម ក្រោយមកបានទទួលអំណោយពីអភិបាលខេត្ត។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចស្ទឹងពោធិ៍សាត់ ទល់មុខវិហារឥស្លាម ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា សពក្មេងរងគ្រោះ មានឈ្មោះ ម៉ា រី ភេទស្រី អាយុ៤ឆ្នាំ និងឈ្មោះ រុំ លី ភេទប្រុស អាយុ២ឆ្នាំ ទាំង២នាក់ជាកូនជនជាតិខ្មែរឥស្លាម បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។
ក្រោយកើតហេតុ កម្លាំសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើកោសល្យវិច្ច័យ និងសន្និដ្ឋានថា ក្មេងទាំង២នាក់ខាងលើ ពិតជាលង់ទឹកស្លាប់មែន ដោយសារឪពុកម្តាយខ្វះការប្រុងប្រយ័ត្ន ហើយបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។
ដំណឹងនេះ បានទៅដល់លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ភ្លាមនោះលោក និងលោកស្រី បានចាត់ឲ្យលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ នាំយកសម្ភាររួមមាន អង្ករ និងថវិកា ទៅចូលរួមរំលែកទុក្ខគ្រួសារសពក្មេងប្រុសស្រី២នាក់ ដែលជាកូនជនជាតិខ្មែរឥស្លាម ដល់លំនៅដ្ឋាន ដែលទង្វើនេះគឺជាទម្លាប់ ដែលលោកអភិបាលខេត្ត បានចាត់ឲ្យក្រុមការងាររៀបចំជាសម្ភារ និងថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខប្រជាពលរដ្ឋ ក្នុងនាមជាក្រុមគ្រួសារតែមួយ និងសម្រាប់ទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕