(ត្បូងឃ្មុំ)៖ ជនសង្ស័យពូកែខាងលួចដ៏សកម្មម្នាក់ ធ្លាប់ជាប់ពន្ធនាគារ៥ដងហើយ ហើយចុងក្រោយនេះ ក៏ទើបចេញពីពន្ធនាគារ តែមិនទាន់បាន១ខែស្រួលបួលផង ក៏កើតចិត្តទុច្ចរិត ចូលលួចម៉ូតូរបស់បុគ្គលិកពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាថ្មីទៀត តែត្រូវកម្លាំងនគរបាលខេត្តកំពង់ចាម ចេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាត់ទោស ជាថ្មីទៀតដែរ។
អតីតទណ្ឌិតមិនដាច់អាល័យនឹងពន្ធនាគាររូបនោះ មានឈ្មោះ ធី ញិល អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ បានធ្វើសកម្មភាពលួចម៉ូតូខាងលើ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ដែលកម្មសិទ្ធិរបស់បុគ្គលិកពេទ្យម្នាក់ បម្រើការនៅមន្ទីពេទ្យបង្អែកស្រុកព្រៃឈរ។
ក្រោយដឹងហេតុនេះហើយ កម្លាំងនគរបាលខេត្ត កំពង់ចាម សហការជាមួយ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានចេញប្រតិបត្តិការស្រាវជ្រាវភ្លាម រហូតឈានដល់ការចាប់ខ្លួន និងបញ្ជូនទៅសួរនាំតែម្ដង។
ក្រោយសួរចម្លើយចប់ទើបដឹងថា ជនសង្ស័យឈ្មោះ ធី ញិល នេះ ធ្លាប់ជាប់ពន្ធនាគាររហូតដល់ទៅ៥ដងហើយ ហើយលើកចុងក្រោយនេះ (លើកទី៥) ទើបចេញពីពន្ធនាគារព្រៃស នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ពោលមិនទាន់បាន១ខែផង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិអណ្ដូងពោធិ៍ ឃុំក្រឡា ស្រុកកំពង់សៀម
ខេត្តកំពង់ចាម ដោយត្រូវជាប់ពន្ធនាគារអស់រយៈពេល៣០ខែ។
ក្រោយកសាងសំណុំរឿងចប់សព្វគ្រប់ហើយ កម្លាំងនគរបាលខេត្តបានបញ្ជូនជនសង្ស័យឈ្មោះ ធី ញិល ទៅបន្តនីតិវិធីច្បាប់នៅសាលាដំបូងខេត្តត្បូងឃ្មុំ តែម្ដង៕