(ព្រះវិហារ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ចុះសួរសុខទុក្ខ ជនរងគ្រោះថ្នាក់ ដោយសារផ្ទុះមីន២នាក់ នៅខេត្តព្រះវិហារ និងបានចុះពិនិត្យមើលស្ថានភាពទីតាំង ដែលកើតករណីផ្ទុះមីនទាំង ២ករណីនោះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសចុះសួរសុខទុក និងសំណេះសំណាលជាមួយ ជនរងគ្រោះដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យបង្អែក១៦មករា លោកទេសរដ្ឋមន្ត្រី បានអំពាវនាវ ដល់ក្រុមគ្រូពេទ្យឲ្យធ្វើការយកចិត្តទុកដាក់ ជួយដល់ជនរងគ្រោះ និងផ្តល់អំណោយ របស់សម្តេចតេជោ ហ៊ុន សែន ជូនជនរងគ្រោះមួយចំនួនផងដែរ។
បន្ទាប់មកលោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានបន្តដំណើរសាកសួរសុខទុក្ខដល់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ដោយសារ គ្រាប់មីន នៅភូមិឈើទាលគុំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានចម្ងាយ១០គីឡូម៉ែត្រពីច្រកអានសេះ ដែលសំបូរ ទៅដោយគ្រាប់មីនគ្រប់ប្រភេទ នឹងបានឧបត្ថម្ភដល់គ្រួសារសពនូវអំណោយមួយចំនួន ។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ការឧបត្ថម្ភដល់គ្រួសារសពផងដែរ។
ជាមួយការចុះពិនិត្យមើល ទីតាំងផ្ទុះមីននោះដែរ លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរ និងអ្នកដោះមីនទាំងអស់ ត្រូវធ្វើយ៉ាងណា ធានា ឲ្យបាននូវសុវត្ថិភាព ចំពោះប្រជាពលរដ្ឋ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ចំពោះទីតាំងដែលមានមីនផ្ទុះ។
ជាមួយគ្នានេះ អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ បានណែនាំដល់ភូមិ ឃុំ កងកម្លាំងប្រដាប់អាវុធ ឲ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអប់រំប្រជាពលរដ្ឋ កុំឲ្យលេង ឬប៉ះពាល់គ្រាប់មីន និងណែនាំប្រជាពលរដ្ឋ កុំឲ្យកែច្នៃគ្រាប់ ព្យួររាស់ត្រាក់ទ័រ ឬកាប់ឆ្ការព្រៃ ដើម្បីធ្វើស្រែចំការដាំដំណាំផ្សេងៗ នៅដីតំបន់ណាមិនទាន់បានធ្វើការបោសសំអាតមីនទាំងស្រុង ហើយនៅពេលបានឃើញ ឬសង្ស័យថា ជាគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករដោះមីន នៅក្បែរនោះ។
សូមជម្រាបថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានករណីផ្ទុះមីនជាបន្តបន្ទាប់ ដោយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ បានផ្ទុះមីននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យមនុស្សម្នាក់ រងរបួសដាក់ជើង។ បន្ទាប់មកទៀត នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ក៏កើតមានករណីផ្ទុះមីនមួយករណីទៀត នៅស្រុកជាំក្សាន្តផងដែរ បង្កឲ្យមនុស្សម្នាក់បានស្លាប់៕