(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រហូតដល់ថ្នល់កែងត្រង់គីឡូម៉ែត្រលេខ៤៦ ក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានជួសជុល និងពង្រីកយ៉ាងធំទូលាយនោះ ត្រូវបានបើកដាក់ឲ្យដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។
កំណាត់ផ្លូវដែលបានចំណាយថវិកាសាងសង់ជាង ៧០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបើកដាក់ឲ្យដំណើរការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋខ្មែរ។
ជាមួយទឹកមុខប្រកបដោយភាពរីករាយសម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលផ្លូវជាតិលេខ៦នេះថា ជាសមិទ្ធផលកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការមិត្តភាព និងសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជាជាមួយចិន។ សម្តេចតេជោ បានឲ្យដឹងទៀតថា ហិរញ្ញប្បទានរបស់ចិនសម្រាប់ការជួសជុល និងពង្រីកផ្លូវជាតិលេខ៦នេះ ត្រូវបានផ្តល់ដោយរដ្ឋាភិបាលចិន ក្នុងអំឡុងពេលនៃ ដំណើរទស្សនកិច្ចរបស់លោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់ប្រទេសកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០០៩ ដែលពេលនោះលោកនៅជាអនុប្រធានាធិបតីចិននៅឡើយ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា ក្នុងដំណើរទស្សនកិច្ចនោះ ចិនបានផ្តល់ហិរញ្ញប្បទានរហូតដល់ទៅ ៤០០លានដុល្លារ សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន៨ រួមទាំងគម្រោងជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៦នេះផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៦នេះ គឺជាផ្លូវមួយដែលបានដើរតួនាទីតភ្ជាប់ដ៏សំខាន់ ដើម្បីឆ្ពោះទៅកានភាគកណ្តាលនៃប្រទេសកម្ពុជា និងតំបន់ដទៃទៀត។ បើតាមសម្តេចតេជោ ហ៊ុន សែន ផ្លូវជាតិលេខ៦ បានតភ្ជាប់ទៅកំពង់ធំ សៀមរាប ព្រះវិហារ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ដែលជាតំបន់ព្រំដែនកម្ពុជា ហើយមួយផ្នែកក៏បានតភ្ជាប់ជា មួយខេត្តកំពង់ចាម កណ្តាល និងព្រៃវែងផងដែរ។
ការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាស្ទើរពាសពេញផ្ទៃប្រទេសនេះ គឺមានការចូលរួមចំណែកដ៏សំខាន់របស់រដ្ឋាភិបាលចិន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្ររាល់តម្រូវការអភិវឌ្ឍន៍របស់កម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យចិនបន្តជួយសាងសង់ផ្លូវក្រវាត់ព្រំដែនភ្ជាប់ពីសំឡូត ខេត្តបាត់ដំបូង ភ្ជាប់ទៅថ្មដា ខេត្តពោធិ៍សាត់ និងឆ្ពោះទៅកាន់ខេត្តកោះកុង និងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ផងដែរថា ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ នៅតែជាគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន។ សម្តេចនាយករដ្ឋមន្រ្តីថា កម្ពុជា នៅតែត្រូវការថវិកាចន្លោះពី ៥០០ ទៅ៧០០លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ការកសាងផ្លូវ។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានហែលឆ្លងក្នុងសមរភូមិសង្រ្គាមតាំងពីវ័យជាង ១០ឆ្នាំ មកនោះ បានគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា សមិទ្ធផលកើតមាននៅកម្ពុជា គឺពឹងអាស្រ័យយ៉ាងសំខាន់ទៅលើកត្តាសន្តិភាព បើគ្មានសន្តិភាពកម្ពុជា គ្មានឱកាសសម្រាប់ការអភិវឌ្ឍប្រទេសនោះឡើយ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រនេះ បានសាងសង់ស្ពានថ្មីចំនួន ២៦កន្លែង ប្រវែងសរុប ១,៣៧០ម៉ែត្រ សាងសង់លូគ្រប់ប្រភេទចំនួន ០៩កន្លែង ប្រវែងសរុប ២៣៨ម៉ែត្រ សង់ស្ពានរំលង ០១កន្លែង និងផ្លូវតភ្ជាប់ប្រវែង ១,០០០ម៉ែត្រ។
កំណាត់ផ្លូវនេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ស្តង់ដារផ្លូវកម្រិតទី១ តាមគំរូបទដ្ឋានបច្ចេកទេស នៃសាធារណរដ្ឋប្រជាមានិតចិន មានទទឹងសរុបប្រវែង ២៦ម៉ែត្រ ក្នុងនោះទទឹងទ្រូងផ្លូវសម្រាប់រថយន្តចរាចរណ៍ប្រវែង ២០.៥០ម៉ែត្រ ចែកជា ៤គន្លង (ពីរទៅ ពីរមក) ដែលគន្លងនីមួយៗ មានទទឹង ៣.៥០ម៉ែត្រ ផ្លូវម៉ូតូមាន២គន្លង (មួយទៅ មួយមក) គន្លងនីមួយៗ មានទទឹង ៣ម៉ែត្រ។ ដោយឡែកសម្រាប់ផ្លូវក្នុងក្រុងមានដាំបង្គោលអគ្គិសនីមួយជួរលើសួនកណ្តាលទ្រូងផ្លូវ និងមានលូបង្ហូរទឹកភ្លៀង។
បើតាមលោក ស៊ុន ចាន់ថុល ការពង្រីកផ្លូវជាតិលេខ៦ ធ្វើឡើងដោយដើម្បីឆ្លើយតបនិងកំណើនសេដ្ឋកិច្ច និងប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៦ ដែលធ្វើឱ្យចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ រំពឹងថា កំណាត់ផ្លូវជាតិលេខ៦ នឹងរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ កាន់តែឆាប់រហ័ស ពិសេសជួយធ្វើឱ្យចរាចរណ៍មានភាពងាយស្រួលជាងមុន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងជួយបង្កើនការអភិវឌ្ឍ រីកចម្រើន នៅតាមតំបន់អមសងខាងផ្លូវ ព្រមទាំងដើម្បីទាក់ទាញការវិនិយោគ និង ទេសចរណ៍ ស្របតាមការរីកចម្រើន និងការអភិវឌ្ឍន៍ថ្មីៗ របស់ប្រទេសកម្ពុជា៕
សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន៖