(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយ ជាច្រើន ដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលនឹងអាចបង្កើតការងារថ្មីជាច្រើនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ការអះអាងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាប់ភាគីចិននាពេលនេះ បានធ្វើឡើង ខណៈសម្តេចបានអនុញ្ញាតឲ្យ លោក Li Yong អគ្គនាយក អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ជួបសម្តែងការគួរសម នៅវិមានសន្តិភាព រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ បានមានប្រសាសន៍ថា ចាប់តាំងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី និងមានកំណើន សេដ្ឋកិច្ច រង្វង់៧.៧% ប្រចាំឆ្នាំដូចពេលនេះ។ សម្តេចតេជោ បានលើកឡើងថា កម្ពុជាមានធនធានដើមជាច្រើន ដូចជាអង្ករ ដំឡូង និងកៅស៊ូជាដើម ដែលជាកត្តាធ្វើឲ្យ មានតម្លៃបន្ថែម សម្រាប់វិស័យឧស្សាហកម្ម។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអង្គការ UNIDO ជួយជម្រុញអ្នកវិនិយោគវិស័យឧស្សាហកម្ម មកកម្ពុជាបន្ថែមទៀត និងជួយ ជម្រុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៌វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ស្របទៅនឹងទស្សន:វិស័យ ប្រែក្លាយប្រទេស កម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ នាឆ្នាំ២០៣០។
ជាការឆ្លើយតប លោក Li Yong បានកោតសរសើរ ចំពោះការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រ អនុវត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោក Li Yong បន្តថា UNIDO បានគៀងគរអ្នកវិនិយោគវិស័យឧស្សាហកម្មជាច្រើន មកបណ្តាក់ទុននៅកម្ពុជា ហើយ ការវិនិយោគទាំងនោះ គឺមិនមែននាំមកនូវតែហិរញ្ញវត្ថុទេ តែបាននាំមកជាមួយនូវបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញ ដល់ធនធានមនុស្ស នៅកម្ពុជាផងដែរ។
បន្ថែមពីលើនេះ លោក Li yong ក៏បានស្នើសុំឲ្យកម្ពុជាសិក្សា និងមានយុទ្ធសាស្ត្រ ធ្វើយ៉ាងណាកុំឲ្យតម្លៃពលកម្មខ្ពស់ពេក ជាក់ស្តែងដូចជា នៅក្នុងប្រទេសចិន ដោយសារតម្លៃពលកម្ម មានតម្លៃខ្ពស់ បានធ្វើឲ្យអ្នកវិនិយោគផ្លាស់ប្តូរការវិនិយោគ និងធ្វើឲ្យប្រជាពលរដ្ឋ ជាង២០០លាននាក់បាត់បង់ការងារធ្វើ៕