(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យរកទំនិញខូចគុណភាព នៅផ្សារតាលោ ស្ថិតនៅភូមិតាលោ ឃុំតាលោ និងផ្សារបឹងខ្នារនៅក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ព្រមទាំងដេប៉ូលក់ភេសជ្ជៈចំនួន៣ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក តូច ចៅកុយ ប្រធានសាខាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យខាងលើនេះ មន្រ្តីរបស់លោក បានណែនាំដល់អាជីវករឲ្យចៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញ ប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងនូវការដាក់តាំងលក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ។
បើតាមលោក តូច ចៅកុយ បន្ទាប់ពីការចុះត្រួតពិនិត្យរួចមក ក្រុមការងាររបស់លោក បានរកឃើញ៖១-ស្រាបៀរ Heineken ចំនួន៣៥៥កេស ហួសកាលបរិច្ឆេទប្រើប្រាស់ ទី២-ស្រាបៀរ Tiger ចំនួន៤៨កេស ហួសកាលបរិច្ឆេទប្រើប្រាស់ ទី៣-ទឹកដោះគោខាប់ ម៉ាក My Boy ចំនួន៤០៥កំប៉ុង ស្មើនឹង202,5Kgs ទី៤-ទឹកសេរ៉ូ រូបមាន់៣ ចំនួន៩៥កេសស្មើនឹង១១៤០ដបស្មើនឹង1,567Kgs និងទី៥-ទឹកដោះគោជូរចំនួន៥០យួរស្មើនឹង54Kgs៕