(ភ្នំពេញ)៖ ភាពបែកបាក់របស់គណបក្សសង្គ្រោះជាតិដោយសារបង្កកំហុសរឿងអាស្រូវពីមួយទៅមួយ…អំពើពុករលួយ …អំពើបក្សពួកនិយម និងការគ្មានយុទ្ធសាស្ត្រដឹកនាំ បាននាំអោយសមាជិកបក្សជាច្រើនបានអស់ទឹកចិត្ត និងនាំ គ្នាចាកចេញពីគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់។ ក្រុមអ្នកគាំទ្រផ្កាប់មុខដែលប្រើស្លាកជាអ្នកវិភាគឯករាជ្យ បានបារម្ភនឹងការបែកបាក់ម្តងបន្តិចៗដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិ កាន់តែខ្សោយ ជាពិសេសក្នុងដំណាក់ កាលការបោះឆ្នោតបានខិតជិតមកដល់។
ក្រុមអ្នកគាំទ្រផ្កាប់មុខដែលប្រើស្លាកជាអ្នកវិភាគឯករាជ្យ ក្នុងការប្រឹងប្រែងស្តារ ស្ថានការណ៍សង្គ្រោះជាតិនេះ បានប្រើប្រាស់សម្តីនិយាយចោទ ប្រកាន់មកលើនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានប្រើផែនការយុទ្ធសាស្ត្រ និងនយោបាយក្នុងការរំលាយក្រុមអ្នកប្រឆាំងនេះទៅវិញ។
អ្នកវិភាគលោក ឡៅ ម៉ុងហៃ ដែលសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរីថ្ងៃទី៦ មេសា បានចោទថា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានយាយីមកលើ គណបក្សសង្គ្រោះជាតិ និងថាការយាយី នឹងធ្វើឲ្យគណបក្សកាន់អំណាចនេះទទួលនូវការស្តីបន្ទោសជាខ្លាំង ពីមហាជន ហើយអាចនាំឲ្យគណបក្ស នេះបាត់បង់សម្លេងគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។
បើសិនជាគណបក្សកាន់អំណាច នឹងប្រឈមការបាត់បង់សម្លេងដូចលោក ឡៅ ម៉ុងហៃ បាននិយាយនោះ គឺជារឿងជោគជ័យមួយទៅវិញទេរបស់ គណបក្សសង្គ្រោះជាតិ និងក្រុមអ្នកគាំទ្រផ្កាប់មុខនោះ ប៉ុន្តែហេតុអ្វីបានជាលោក ឡៅ ម៉ុងហៃ ដែលតែងវាយប្រហាររិះគន់គណបក្សប្រជាជនកម្ពុជា កាន់អំណាចមិនឈប់ឈរ បែរជាមកឈឺឆ្អាល និងខ្លាចគណបក្សប្រជាជនកម្ពុជា បាត់បង់សម្លេងគាំទ្រនោះទៅវិញ? ការពិតនោះគឺបង្ហាញថា លោក ឡៅ ម៉ុងហៃ ខ្លួនឯងបានមើលឃើញយ៉ាងច្បាស់ នូវភាពចាញ់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នាពេលខាងមុខដោយសារតែអំពើ អាស្រូវរបស់សង្គ្រោះជាតិរឿងស្រីញី…ការញៀននឹងល្បែងស៊ីសង....អំពើសាហាយស្មន់គ្នាឯងផង និងផិតលួចប្រពន្ធគេផងក្បត់ តម្លៃគ្រួសារ…អំពើ ពុករលួយយក លុយជំនួយពីក្រៅប្រទេស បែរជាផ្តល់ឲ្យគូកំណាន់ចិត្តក្នុងស្រុក និងអំពើអសីលធម៌របស់អ្នកតំណាងរាស្ត្រ ជាច្រើនទៀត ក្នុងគណបក្សដែលមិនសក្តិសម នឹងធ្វើជាគំរូដឹកនាំឲ្យគេគោរពក្នុងគណបក្សឡើយ។
ចាប់តាំងពីដើមឆ្នាំ២០១៧នេះមក សកម្មជនតាមបណ្តាខេត្តដូចជាខេត្តកណ្តាល ~ តាកែវ ~ ស្វាយរៀង ~ កំពង់ ឆ្នាំង~ ខេត្តពោធិ៍សាត់ ~ រតនគីរី ~ ឧត្តរមានជ័យ ។ល។ និងសកម្មជននៅក្រៅប្រទេសនានាជាច្រើនទៀត បានសរសេរលិខិតថ្កោលទោសគណបក្សសង្គ្រោះជាតិ និងបង្ហាញការ ឆ្អែតចិត្តនូវអំពើបោកប្រាស់របស់មេដឹកនាំ សង្គ្រោះជាតិដែលតែងប្រើស្លាកលទ្ធិប្រជាធិបតេយ្យបិទបាំងមុខមាត់។
តើនៅចំពោះការពិតនៃមុខរបរនយោបាយបោកប្រាស់ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យអ្នកគាំទ្រគណបក្សប្រឆាំងបាក់ទឹកចិត្តនេះ ហេតុអ្វីបានជាអ្នកវិភាគលោក ឡៅ ម៉ុងហៃ មិនលើកយកមកនិយាយឈឺឆ្អាលផង?
ក្នុងកិច្ចសម្ភាសន៍ជាមួយ នឹងវិទ្យុអាស៊ីសេរីថ្ងៃទី៦ មេសា ដដែល លោក ឡៅ ម៉ុងហៃ បានចោទនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កំពុងដឹកនាំប្រទេស និងគណបក្សប្រជាជនកម្ពុជាបែបអត្ថនោម័ត ដែលធ្វើការសម្រេចអ្វីៗតាមទំនើងចិត្ត…មកលាយឡំជាមួយនឹងផែនការយុទ្ធសាស្ត្រ នយោបាយ ដែលនាំឲ្យមានការសម្រេចចិត្តរបស់លោកនៅមានភាពក្មេងខ្ចី និងខ្វះគោលការណ៍យូរអង្វែង។
ការវិភាគរបស់លោក ឡៅ ម៉ុងហៃ នេះពិតជាបានដើរផ្ទុយ នឹងតថភាពដែលបាន និងកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាដ៏អភ័ព្វនេះ បើគ្មានយុទ្ធសាស្ត្រ និងនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ម្ល៉េះនឹងមិនមានការបំបាត់សង្គ្រាមស៊ីវិលទាំងស្រុង នៅចុងឆ្នាំ១៩៩៨…និងក៏គ្មានការឯកភាពទឹកដីនិងគ្មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះឡើយ។ តេជោសែន បានជួយប្រទេសកម្ពុជាបញ្ចប់ សង្គ្រាមស៊ីវិល…ជួយធ្វើឲ្យទឹកដីដែលអប្បគមន៍បានក្លាយជាទឹកដីកម្ពុជាតែមួយ…ជាប្រទេសមានរាជរដ្ឋាភិបាលតែមួយ…មានរដ្ឋធម្មនុញ្ញតែមួយ និងស្ថិតក្រោមដំបូលនៃរបបរាជានិយមតែមួយ។ តើលោកវិភាគ ឡៅ ម៉ុងហៃ ធ្លាប់បានឃើញការពិតនេះដែរទេ?
បទពិសោធន៍បំបាត់ចលនាឧទ្ទាមខ្មែរក្រហម និងការបំបាត់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានេះ ត្រូវបានគេទទួលស្គាល់លើសកលលោក និងក៏មានប្រទេសមួយចំនួនបានស្នើសុំឲ្យតេជោសែន ចែករំលែកបទពិសោធន៍នេះដល់ប្រទេសគេទៀតផងដែរ។ បណ្តាមេដឹកនាំនៃប្រទេស មួយចំនួនដែលមិនអាចបំបាត់ចលនាឧទ្ទាមក្នុងស្រុករបស់ខ្លួនបាន ក៍បានស្នើសុំតេជោសែនផ្តល់នូវបទពិសោធន៍ នៃយុទ្ធសាស្ត្រដឹកនាំប្រទេស ដើម្បីអោយមានសន្តិភាពនិងការរីកចំរើន ដូចប្រទេសកម្ពុជា។
ជាក់ស្តែងអគ្គមេបញ្ជាការកងទ័ពសហភាពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ផុតលេខ មីន អូងឡាំង ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីខែមីនាកន្លងមកនេះ ក៍បានស្នើសុំរៀនសូត្រនូវបទពិសោធន៍ នៃការពន្លត់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ក្រៅពីនេះ ប្រទេសនៅទ្វីបអាមេរិកខាងត្បូង…មេបញ្ជាការយោធាមួយចំនួនក្នុងអាស៊ាននេះ ក៏ធ្លាប់បានស្នើសុំការចែករំលែកបទពិសោធន៍នេះ ដល់ប្រទេសរបស់គេផងដែរ ។ តើលោកឡៅម៉ុងហៃ ដែលបាននិយាយអំពីមោទនភាពជាតិនេះ ដល់សកលលោកដែររឺទេ? លោក ឡៅ ម៉ុងហៃ មិនដែលនិយាយទេ ក្រៅតែពីការចោទប្រកាន់ថាមេដឹកនាំកម្ពុជាកាន់អំណាចយូរផ្តាច់ការ និងកាន់តែធ្វើអោយប្រទេសធ្លាក់ខ្លួនក្រ ដែលជាសម្តីធ្វើត្រាប់តាមដូចសត្វសេករបស់គណបក្សសង្គ្រោះជាតិ។
ក្នុងនាមជាមនុស្សម្នាក់ដែលតាមដានភាពវិវត្តន៍របស់សង្គមជាតិ សូមអោយលោកឡៅម៉ុងហៃបើកភ្នែកធំៗ ទទួលយកការពិតជាក់ស្តែងទាំងនេះថា ដំណើរកម្ពុជាដ៏ត្រឹមត្រូវនាពេលលបច្ចុប្បន្នក្រោមយុទ្ធសាស្ត្រនិងនយោបាយរបស់តេជោសែននេះ ពិតជាបានធ្វើឲ្យផលទុនសរុប (GDP) របស់កម្ពុជា បានកើនឡើងដល់ជាង១ពាន់ ៣០០ដុល្លារ នៅឆ្នាំ ២០១៦កន្លងមកនេះ ហើយក៍បានធ្វើឱ្យកម្ពុជាបានប្រែខ្លួនពីប្រទេសដែលមាន ចំណូលទាប មកជាប្រទេសមានចំណូលមធ្យម កម្រិតទាប។ អត្រាភាពក្រីក្រ ក្រោយប្រទេសមានសន្តិភាពពិតប្រាកដ ត្រូវបានកាត់បន្ថយយ៉ាង ឆាប់រហ័សពី៥៣,២% នៅឆ្នាំ២០០៤ មកត្រឹម១៣,៥%នៅឆ្នាំ ២០១៤ ដែលជាលទ្ធផលបានធ្វើអោយ ប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងរស់នៅក្នុងសង្គមមួយដែលមានការរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ។ ធនាគារ ADB ក៏បានថ្លែងនា ពេលថ្មីៗនេះដែរថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០១៦ នៅរក្សាបាន ៧% ហេីយកំណើននេះអាចនឹងលើសបន្តិចទៀតនៅឆ្នាំ២០១៧នេះ។
នាពេលនេះគ្រាដែលសេដ្ឋកិច្ចកម្ពុជាកំពុងបន្តរីកលូតលាស់ទៅមុខជាបន្តបន្ទាប់នោះ កម្ពុជាបានដាក់ចេញផែនការ និងរំពឹងថានៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសមានចំណូលខ្ពស់។ ហើយនៅក្នុងខែឧសភា ខាងមុខនេះ រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាម្ចាស់ផ្ទះនៃវេទីកាសេដ្ធកិច្ចពិភពលោកដែលជាមោទនភាពជាតិថ្មីមួយទៀត សំរាប់ប្រជាជាតិនិងប្រជាជនកម្ពុជា ។
តើអ្វីៗទាំងអស់នេះលោក ឡៅ ម៉ុងហៃ ធ្លាប់ដឹងដែរទេ ? សូមបើកភ្នែកមើលការពិតផង ជៀសវាងចាញ់ខ្លាំងស្រវាំងភ្នែក៕
ដោយ៖ វិរ័ក្ខ ជ័យ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម