(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ បានចេញលិខិតមួយ ដោយបដិសេធចំពោះសំណើរបស់គណបក្ស សម រង្ស៊ី ជុំវិញការស្នើសុំឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ របស់ខ្លួន ដែលទៅចូលរួមជាមួយគណបក្សសង្រ្គោះជាតិ អាចបន្តបញ្ចប់តួនាទី ភារកិច្ច និងសិទ្ធិ រហូតក្រុមប្រឹក្សាជាប់ឆ្នោតថ្មីចូលជំនួសនោះឡើយ។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា៖ «ដោយអនុលោមតាមមាត្រា១៥ និងមាត្រា១៦ នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា ប្រជាពលរដ្ឋខ្មែរម្នាក់ មិនអាចជាសមាជិករបស់គណបក្សនយោបាយលើសពីមួយ ក្នុងពេលតែមួយបានទេ។ ក្នុងករណីដែលបុគ្គលមួយរូប ចូលជាសមាជិកគណបក្សនានាយ៉ាងច្រើន សមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយ ត្រូវចាត់ទុកជាបានការ។ ដូច្នេះប្រសិនបើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ណាម្នាក់ ទៅឈរឈ្មោះនៅគណបក្សផ្សេង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នោះ នឹងត្រូវបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន ស្របតាមបទប្បញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ ហើយផ្អែកតាមមាត្រា១៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ការបាត់បង់សមាជិកភាពពីគណបក្សនយោបាយ នឹងនាំឱ្យសាមីខ្លួន បាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ»។
ក្រសួងបានបញ្ជាក់បន្ថែមថា «ចំពោះការដាក់ចេញនូវសេចក្តីជូនដំណឹងលេខ៣៧៣ សជណ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការអនុវត្តគោលការណ៍ និងនីតិវិធីចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលបានទៅចុះឈ្មោះជាបេក្ខជនពេញសិទ្ធិ ឬបេក្ខជនបម្រុង សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ គឺជាការងនុវត្តច្បាប់សុទ្ធសាធ សម្រាប់គ្រប់គណបក្សនយោបាយ ដែលធ្វើសកម្មភាពស្របតាមច្បាប់កំណត់ ក្នុងគោលបំណង ពង្រឹងនូវនីតិរដ្ឋ ដោយមិនសម្តៅលើគណបក្សណាមួយឡើយរួមទាំងគណបក្ស សម រង្ស៊ីផងដែរ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានផ្ញើលិខិតមួយ ទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយស្នើឱ្យក្រសួងមហាផ្ទៃ ទុកសេចក្តីណែនាំលេខ ៣៧៣ សជណ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ អំពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាមោឃៈ និងឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ (ឆ្នាំ២០១២-២០១៧) ទាំងមូល អាចបន្តបញ្ចប់តួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនរហូតក្រុមប្រឹក្សាជាប់ឆ្នោតថ្មីចូលជំនួស៕