(ព្រះវិហារ)៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានជំរុញឲ្យកងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជា ល្បែងផ្សេងៗ ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ ក្នុងពេលឆាប់ៗនេះ។
លោក អ៊ុន ចាន់ដា បែបនេះក្នុងឱកាសដែលលោករួមជាមួយ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ។
លោកអភិបាលខេត្ត បានថ្លែងថា «ស្របពេលដែលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ កងកម្លាំងរបស់យើងពិតជាមានការមមារញឹកណាស់ ក្នុងការការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ»។
ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ លោកអភិបាលខេត្ត បានជំរុញឲ្យសមត្ថកិច្ច យើងត្រូវខិតខំបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សេងៗ ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ ដូចជា៖ ជះទឹក ជិះម៉ូតូដេញប៉ាតម្សៅ ក៏ដូចជា ល្បែងផ្សេងឲ្យមានប្រសិទ្ធិភាព។
លោកបញ្ជាក់ថា «ល្បែងស៊ីសងពេលខ្លះជាល្បែងតូចតាច លេងតាមគ្រួសារក៏ពិតមែន តែពេលខ្លះវាបានផ្តល់មកវិញ នូវហិង្សាក្នុងគ្រួសារក៏មាន បន្ថែមលើសពីនេះទៀតត្រូវបង្ក្រាបល្បែងកន្ទុយលេខឲ្យបាន»។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានសំណូមពរឲ្យសមត្ថកិច្ចត្រូវត្រួតពិនិត្យមើលការដឹកជញ្ជូន តាមរថយន្តដែល ប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុក ធ្វើយ៉ាងណាកុំឲ្យដឹកហួសហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាឡើងថ្លៃលើសថ្ងៃធម្មតា។ ចំពោះទីតាំងកំសាន្តនានា នៅតាមក្រុងស្រុកត្រូវធ្វើការរៀបចំ ឲ្យបានស្អាតដើម្បី បង្ករលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋយើង បានលេងសប្បាយទាំងអស់គ្នា។
លោក អ៊ុន ចាន់ដា ក៏បានកោតសរសើដល់កងកម្លាំងទាំង៣ ដែលបានខិតខំបង្ក្រាបបទល្មើសក្នុងខេត្ត បានទទួលជោគជយ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ ហើយលោកក៏សំណូមពរឲ្យកងកម្លាំងសមត្ថកិច្ចរបស់យើង ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសំរេច បានជោគជយ័នៅភារកិច្ចលើកក្រោយៗទៀត។
ក្នុងឱកាសនោះលោកបានឧបត្ថម្ភថវិការចំនួន៩លានរៀល ដល់អង្គភាពស្នងការនគរបាលខេត្ត និង៩លានរៀលទៀតដល់អង្គភាពកងរាជអាវុធហត្ថខេត្ត ក៏ដូចជាគ្រឿងបរិភោកជាច្រើនទៀត៕