(ភ្នំពេញ)៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា យុវជនដើម្បីគណបក្សគឺត្រូវមានភាពស្មោះត្រង់ បម្រើគោលនយោបាយបក្ស និងប្រជាជន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។
លោកបានបន្តថា គណបក្សដើម្បីយុវជនគឺ ផ្តល់ឱកាសប្រកបដោយលទ្ធភាព សមត្ថភាព និងយន្តការផ្សេងៗ សំដៅបង្កើន សមត្ថភាពដើម្បីបម្រើប្រជាជន និងចូលរួមបន្តការពារស្ថេរភាព សន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសបន្ថែម។ លោក អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំស្តីពី ការបូកសរុបការងារលទ្ធផលប្រចាំឆ្នាំ២០១៦ និងទិសដៅការងារ ប្រចាំឆ្នាំ២០១៧ របស់ក្រុមការងារយុវជនគណបក្សនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឡើងនៅថ្ងៃទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ។
បន្ថេមពីលើនេះ លោក អូន ព័ន្ធមុន្នីរ័ត្ន បានឲ្យដឹងថា ការជួបជុំយុវជនថ្ងៃនេះ គឺកាលានុវឌ្ឍភាពដ៍កម្រ ដើម្បីផ្លាស់ប្តូរ ចំណេះដឹង បទពិសោធន៍ល្អៗ ដើម្បីបព្វហេតុគណបក្សនិងប្រទេសជាតិដែលធ្វើយយើងនឹកឃើញពី ការលះបង់របស់ថ្នាក់ដឹកនាំ និងយុវជនជំនាន់មុនដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍការរីកចម្រើន។
នៅក្នុងឱកាសនោះដែរ លោក កែ ប៊ុនខៀង សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល បានឲ្យដឹងថា ក្នុងនាមយុវជនយុវជន ត្រូវមានមោទនភាពដែលគណបក្ស បានប្រគល់តួនាទីភារកិច្ច ក្នុងការបម្រើការងារ នៅក្នុងស្ថាប័នរបស់ខ្លួន និងត្រូវង្រីកសមត្ថភាព គោលជំហរច្បាស់លាស់ ឆន្ទៈស្មារតី និងភាពស្មោះត្រង់ ដើម្បីបម្រើបក្ស និងប្រជាជន។
លោកបន្តថា យុវជនត្រូវការពារឱកាសនិងបង្កើតឱកាស ដើម្បីអភិវឌ្ឍប្រទេសជាតិហើយត្រូវ រៀនសូត្របន្តទៅមុខទៀតក្នុងនាមជាអ្នកបន្តវេន ក្នុងកាតថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍយូអង្វែង។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារយុវជន ថ្នាក់កណ្តាល បានថ្លែងថា យុវជនមានជម្រើស និងការសម្រេចចិត្តត្រឹមត្រូវ នៅក្នុងការចូលរួម ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សមានស្នាដៃ ច្រើនជាងគេ ហើយយុវជនមានឱកាស និងកិត្តិយសដែលបក្សប្រគល់ឱ្យ ដើម្បីធ្វើសកម្មភាពបម្រើបក្សនិងប្រជាជន។
លោក ហ៊ុន ម៉ាណែត បន្តថា យុវជនត្រូវមានឆន្ទៈការស្រលាញ់ ភាពស្មោះត្រង់ និងការជឿជាក់ចំពោះបក្សនិងការពារបក្ស ព្រោះថាបក្សបានផ្តល់ឱកាស ទាំងផ្ទាល់ទាំងប្រយោលជាច្រើន ដល់យុវជន រួមមានផ្តល់ឱកាសយុវជនរស់នៅក្នុង សុខសន្តិភាព មានឱកាសអភិវឌ្ឍ សមត្ថភាព,បម្រើការងារនៅក្នុងក្រសួងស្ថាប័ន មានឱកាសបម្រើប្រជាជន និងឱកាសជាច្រើនទៀត។
លោកបានបន្ថែមទៀតថា ឱកាសរបស់យុវជនគឺនៅក្នុងកណ្តាប់ដៃរបស់យុវជន ក្នុងការថែរក្សានូវឱកាសទាំងនោះដែល ខ្លួនទទលួបាន ក្នុងការការពារសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងត្រូវចូលរួមបង្កើតឱកាសសម្រាប់ មនុស្សជំនាន់ក្រោយទៀត ហើយ យុវជនត្រូវស្គាល់ខ្លួនឯង ស្គាល់ពីតួនាទីភារកិច្ច ស្គាល់ពីរបៀបបបការងារ ដំណើរការ ការងារ និងមានឆន្ទៈភាពស្មោះត្រង់ ដើម្បីធ្វើឱ្យមាននិរន្តភាពការងារ និងភាពរីកចម្រើនការងារ៕