(មណ្ឌលគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី ចុះត្រួតពិនិត្យ រកទំនិញខូចគុណភាព ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ និងបានធ្វើតេស្តរកសារធាតុគីមី ហាមឃាត់ នៅក្នុងត្រីងៀត នំបញ្ចុក លត មី ប្រហិតគ្រប់មុខ និងខ្ញីហាន់ជាដើម ហើយជាលទ្ធផលមិនមានសារធាតុគីមីទេ តែបានរកឃើញចាហួយម៉ាក «BingoMiMi» ចំនួន២៦កេស មានភាពមិនប្រក្រតី ដូចទ្រង់ទ្រាយដើម។
នៅក្នុងការចុះត្រួតពិនិត្យខាងលើនេះ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានណែនាំដល់អាជីវករឲ្យចៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញ ប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងនូវការដាក់តាំងលក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
ជាមួយគ្នានោះ ក្រុមការងារ ក៏បានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋាន កាំកុងត្រូល ស្តីពី សូមពិចារណាមុន នឹងជ្រើសរើស ផលិតផលម្ហូបអាហារ មួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីរូបភាព ជាបឋមនូវមុខទំនិញណាមួយគួរប្រើប្រាស់និងមុខ ទំនិញណាមិនគួរប្រើប្រាស់។
មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕