(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង៨០គ្រួសារ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ខណ្ឌឬស្សីកែវ បើទោះបីបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក៏ដោយតែរហូតមកទល់បច្ចុប្បន្ននេះ ពួកគាត់នៅមិនអាចចូលទៅកាន់កាប់ ស្នាក់អាស្រ័យផលលើដីរបស់ខ្លួនបាននោះទេ ពោលមិនទាន់ទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយនោះទេ។
ដោយសារតែការទន្ទឹងរង់ចាំ ការដោះស្រាយបានអូសបន្លាយពេលវេលាពី១ខែទៅ១ខែ ប្រជាពលរដ្ឋចំនួន៤គ្រួសារ តំណាងឲ្យជាង៨០គ្រួសារ តាមរយៈអង្គភាពព័ត៌មាន Fresh News សូមទទូចដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាសាលារាជធានីភ្នំពេញ ជាពិសេសការិយាល័យសុរិយោដីភូមិបាល ខណ្ឌឫស្សីកែវ មេត្តាជួយសម្របសម្រួល ចាត់វិធានការចុះអនុវត្ត ក្នុងការបើកផ្លូវក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ និងចុះជួយធ្វើការវាស់វែង បោះបង្គោលកំណត់ព្រំដី ថែមទាំងជួយសម្រួលធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់ផង។
តំណាងប្រជាពលរដ្ឋទាំងនេះ បានលើកឡើងដូចៗគ្នាថា «បញ្ហាទំនាស់ដីធ្លីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវនេះ បានអូសបន្លាយពេលវេលាអស់រយៈពេល ជាង២០ឆ្នាំមកហើយ តែជាលទ្ធផលត្រូវទទួលបានជោគជ័យ បន្ទាប់ពីមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយ ពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចេញសេចក្ដីសម្រេចមួយស្ដីពីការផ្ដល់ដីជូន ប្រជាពលរដ្ឋជំហ៊ានទី៤ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ»។
ប៉ុន្តែក្រោយពីពួកគាត់បានទទួលសេចក្ដីសម្រេច ដើម្បីចូលកាន់កាប់តាមក្បាលដីឡូត៍នីមួយៗ ពីលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រហូតមកទល់សព្វថ្ងៃនេះចេះតែអូសបន្លាយពេលវេលាកាន់តែយូរៗទៅ និងកុំថាឡើយ ស្នើសុំធ្វើការបើកផ្លូវ ឫចង់ធ្វើប័ណ្ណកម្មសិទ្ធិនោះ សូម្បីតែការទន្ទឹងរង់ចាំការបង្កើតគណៈកម្មការចម្រុះ ពីសាលារាជធានីភ្នំពេញ និងការិយាល័យភូមិបាលខណ្ឌឫស្សីកែវ ដើម្បីវិនិឆ្ឆ័យក្នុងការចូលទៅកាន់កាប់ ស្នាក់អាស្រ័យផល និងអភិវឌ្ឍន៍លើដីរបស់ខ្លួន ក៏ពុំទាន់ឃើញមានចំណាត់ការនូវឡើយទេ។
ជាមួយគ្នានោះដែរ ក្រុមប្រជាពលរដ្ឋ បានកើតមានចម្ងល់ថា មានដីឡូត៍មួយចំនួន បន្ទាប់ពីទទួលបានសេចក្ដីសម្រេចពីអាជ្ញាជាតិ ដោះស្រាយទំនាស់ដីធ្លី ឃើញថា មានជាន់លេខក្បាលគ្នា ដែលធ្វើឲ្យមានផលលំបាក ក្នុងការកំណត់ព្រំដី ហើយខណៈដែលអាជ្ញាធរសង្កាត់-ខណ្ឌ និងរាជធានី មិនទាន់ទាំងបានបង្កើតគណៈកម្មការចម្រុះ ដើម្បីចុះអនុវត្តវាស់វែង បោះបង្គោលកំណត់ព្រំដីផង ស្រាប់តែមានលោកជំទាវម្នាក់ ដែលពុំស្គាល់ពីអត្តសញ្ញាណ បានចេញមកវិវាទ ដោយធ្វើរបងយ៉ាងរឹងមាំព័ទ្ធយកដីឡូត៍របស់ប្រជាពលរដ្ឋចំនួន៣ទីតាំង ជាប់ៗគ្នា។ ក្នុងនោះមានឡូត៍លេខ៣១-២០-២២ ដោយខាងកើតទល់ផ្លូវលេខ១៧០១-ខាងលិចទល់ផ្លូវលេខ១៧០៣ ដែលទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីដូចៗគ្នា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ហើយពុំឃើញមានចំណាត់ការពីខាងមន្ត្រីភូមិបាលខណ្ឌឫស្សីកែវ ចុះមកត្រួតពិនិត្យឡើយ បែរជាបណ្ដែតបណ្ដោយឲ្យលោកជំទាវម្នាក់នេះ ធ្វើអ្វីតាមទំនើងចិត្ត។
យ៉ាងក៏ដោយម្ចាស់តាមក្បាលដីឡូត៍នីមួយៗ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលព្រមទទួលយកការដោះស្រាយ តាមសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី សូមអំពាវនាវយ៉ាងទទូចចំពោះលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខណ្ឌ ព្រមជាមួយលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ ជាពិសេសការិយាល័យភូមិបាលខណ្ឌឫស្សីកែវតែម្ដង មេត្តាជួយសម្របសម្រួល ដើម្បីពន្លឿនក្នុងការអនុវត្តបើកផ្លូវ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ និងចុះធ្វើការវាស់វែង បោះបង្គោលកំណត់ព្រំដី និងជួយសម្រួលធ្វើប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋស្លូតត្រង់ផង៕