(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងជាភរិយារបស់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងសហការី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧នេះ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរាគ្មានទីពឹង ដែលងាយងាយរងគ្រោះបំផុត ចំនួន៧៥គ្រួសារដែល៤០គ្រួសារ ស្ថិតក្នុងស្រុកសូទ្រនិគមន៍ និង៣៥គ្រួសារស្ថិត ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប។
លោកស្រី គួយ ណាលីន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែព្រួយបារម្ភ និង យកចិត្តទុកដាក់ ចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។
លោកស្រី ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ សូមទេព្ដាឆ្នាំថ្មីជួយថែរក្សា បងប្អូនទាំងអស់បានជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបាន សារ៉ុង១, សាប៊ូលុច្ស២ដុំ, សាប៊ូម្សៅ១កញ្ចប់ ,ច្រាសដុសធ្មេញ១ដើម, ថ្នាំដុសធ្មេញ១បំពង់, ទឹកស៊ីអ៊ីវ១យួរ , អំបិល១គីឡូក្រាម, ប្រេងឆា១ដប, នំធុង១ធុង, អង្ករ២៥គីឡូក្រោម, ទឹកបរិសុទ្ធ១យួរ និងថវិកា២ម៉ឺនរៀល។ ជាមួយនោះផងដែរ ព្រះតេជគុណ អនុគុណស្រុកជីក្រែង ក៏បានចូលរួមជួយឧបត្ថមថវិកា ក្នុងមួយគ្រួសារ ១ម៉ឺនរៀលផងដែរ៕