(កំពង់ធំ)៖ ប្រជាជនស្រុកបារាយណ៍ ក្នុងឃុំឈូកខ្សាច់ និងឃុំបារាយណ៍ សប្បាយរីករាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទទួលចំណងដៃថ្មី ប្រឡាយមួយខ្សែប្រវែង ៩,១០០ម៉ែត្រ តម្លៃជាង១លានដុល្លារ។ ប្រព័ន្ធធារាសាស្ត្រឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានបើកការដ្ឋានស្តារឡើងវិញ ដើម្បីជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ (Rice-SDP)។
ពិធីខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ និងជានាយកអង្គភាព អនុវត្តកម្មវិធីថ្នាក់ជាតិ សម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។
លោក សុខ លូ បានលើកឡើងថា ខេត្តកំពង់ធំមានប្រព័ន្ធធារាសាស្ត្រធំៗ២ គឺប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាស្ត្រស្ទឹងស្ទោង។ ក្រៅពីប្រព័ន្ធធារាសាស្ត្រធំៗទំាងពីរនេះ នៅមានអាងទឹកតូចៗ ទំនប់ស្ទាក់ទឹក ប្រព័ន្ធប្រឡាយ និងសំណង់សិប្បការសរុបចំនួន៤៨២កន្លែង។
លោកបានបន្ថែមទៀតថា ប្រព័ន្ធធារាសាស្ត្រ ដើរតួយ៉ាងសំខាន់ណាស់ ក្នុងការស្រោចស្រព្វដំណាំ។ ប្រឡាយឈូកខ្សាច់នេះជាប្រឡាយចាស់ សាងសង់ឡើងក្នុងឆ្នាំ១៩៧៧ ក្នុងរបបប៉ុលពត បច្ចុប្បន្នត្រូវបានស្តារឡើងវិញ ជាអនុគម្រោងអាទិភាពទី១ ក្នុងចំណោមអនុគម្រោងអាទិភាពទំាង១០ របស់កម្មវិធីក្នុងខេត្តកំពង់ធំ មានប្រវែង៩,១០០ម៉ែត្រ ស្មើនឹង៩.១គីឡូម៉ែត្រ ដែលត្រូវចំណាយទឹកប្រាក់ជាង១លានដុល្លារ ហើយត្រូវចំណាយរយៈពេលសាងសង់៩ខែ ស្មើនឹង២៧០ថ្ងៃ គិតចាប់ពីខែមករា ឆ្នាំ២០១៧ តទៅ។
លោកថា «សំណង់ត្រូវសាងសង់ និងជួសជុលចំនួនប្រមាណ៤០កន្លែង ដូចជា សំណង់ស្ទាក់ទឹក សំណង់ចែកចាយទឹក សំណង់បង្ហៀរទឹក និងស្ពានឆ្លងកាត់ប្រឡាយ (សម្រាប់ មនុស្ស សត្វ គោយន្ត ឆ្លងកាត់) ដែលបានបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋចំនួន១៧ភូមិ ក្នុងឃុំចំនួន២ គឺឃុំឈូកខ្សាច់ ចំនួន១០ភូមិ និងឃុំបារាយណ៍ ចំនួន៧ភូមិ ដែលមានប្រជាពលរដ្ឋ ទទួលផលប្រមាណ៣,០១៤គ្រួសារ សរុបប្រជាជន១៣,១៤៧នាក់ លើផ្ទៃដីស្រោចស្រព្វប្រមាណ៣,៦៩៣ហិចតា ក្នុងនោះផ្ទៃដី ធ្វើស្រូវវស្សាប្រមាណ១,៧៤៥ហិចតា និងធ្វើស្រូវប្រាំង ប្រមាណ ១.៩៤៨ហិចតា»។
លោកសុខ លូ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទំាងអស់ សូមជួយថែរក្សា និងថែទំាសមិទ្ធផលនេះឲ្យល្អ និងទទួលខុសត្រូវខ្ពស់ ក្នុងការបែងចែក និងប្រើប្រាស់ទឹកប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាព ប្រែក្លាយតំបន់នេះ ជាកន្លែងគំរូ ក្នុងសកម្មភាពផលិតពូជស្រូវ និងផលិតកម្មស្រូវអង្ករ និងអនុវត្តសាកល្បងនូវសកម្មភាពធានារ៉ាប់រងដំណាំ។
នៅក្នុងពិធីនេះផងដែរ ប្រជាពលរដ្ឋមានក្តីសប្បាយរីយរាយឥតឧបមារ និងថ្លែងអំណរគុណជាពន្លឹក ចំពោះថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអនុវត្តគ្រប់វិស័យទំាងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលជានិច្ចកាល តែងតែនៅជាមួយប្រជាជន ដឹងសុខទុក្ខប្រជាជនជានិច្ច មានសម្តេច ហ៊ុន សែន គឺមានសន្តិភាព និងការអភិវឌ្ឍន៍៕