(ភ្នំពេញ)៖ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ លោក យ៉ង់ សែម អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យ បណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣៦ នៃសហភាពអន្តរសភា (IPU) ដែលរៀបចំធ្វើនៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ចាប់ពីថ្ងៃទី០១-០៥ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងមហាសន្និបាតនេះ ប្រធានគណៈប្រតិភូសភាកម្ពុជា បានប្រាប់សហភាពអន្តរសភាថា កម្ពុជាបានខិតខំយ៉ាងខ្លាំង ក្នុងការគោរពសិទ្ធិ និងសុខុមាលភាព ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ លោក យ៉ង់ សែម បានថ្លែងសន្ទុរកថា ដោយបានផ្តោតទៅលើប្រធានបទ «ការដោះស្រាយវិសមភាព៖ ការផ្តល់សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពដល់មនុស្សគ្រប់រូប»។ នៅក្នុងសុន្ទរកថារបស់ លោក យ៉ង់ សែមក៏បានជំរុញឱ្យមាន ការគោរពសិទ្ធិមនុស្ស ព្រមទាំងបង្កើតយន្តការនានា ដែលមានប្រសិទ្ធភាព ដើម្បីការពារ សិទ្ធិមនុស្សការដោះស្រាយ វិសមភាព ជាពិសេសការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការផ្តល់សេចក្តីថ្លៃថ្នូរ និងសុខុមាលភាព ដល់ប្រជាជនកម្ពុជា។

ក្រៅពីនេះ ប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានលើកពីសមិទ្ធិផលនានាដែលកម្ពុជាបាន និងកំពុងសំដៅដល់ការលើក កម្ពស់ និងការផ្តល់សេចក្តីថ្លៃថ្នូរ ជាពិសេសសុខុមាលភាព ដល់មនុស្សគ្រប់រូបតាមរយៈគោលនយោបាយអភិវឌ្ឍជាតិ។

មហាសន្និបាតនេះ មានសមាជិកសភាចូលរួមចំនួន១៣៤៨រូប ក្នុងនោះមានសមាជិកសភាសរុប ៦៥០រូប ក្នុងនោះសមាជិកសភាជាស្រ្តីមាន២៩០រូប រួមទាំងមានប្រធានសភា និងអនុប្រធានសភាចូលរួមចំនួន៥៣រូបមកពី ១២០ប្រទេស។

នៅក្នុងមហាសន្និបាតលើកទី១៣៦ នៃសហភាពអន្តរសភាបានអនុម័តលើសេចក្តីសម្រេចចំនួន៣ រួមមាន៖

១៖ តួនាទីរបស់សភាក្នុងការការពារមិនឱ្យមានការជ្រៀតជ្រែកពីប្រភពខាងក្រៅ ចូលទៅក្នុងកិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យភាពណាមួយ»។

២៖ ការជម្រុញការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសទៅលើ ហិរញ្ញវត្ថុរាប់បញ្ចូលទាំងស្ត្រី ជាអ្នកនាំមុខការអភិវឌ្ឍន៍

៣៖ ការដាក់ចេញសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាជនរាប់លាននាក់ ពីគ្រោះទុរភិក្ស និងគ្រោះរាំងស្ងួត នៅភាគខ្លះនៃតំបន់អាហ្រិ្វក និងប្រទេសយីមែន។

ជាមួយគ្នានេះ ក្នុងនាមសភានៃព្រះរាជាណាចក្រកម្ពុជាដែលជាប្រធានសភាតំបន់អាស៊ី លោក ញ៉ែម ថ្ថាវី សមាជិករដ្ឋសភា បានរៀបចំ និងដឹកនាំកិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៊ី(APA) ក្នុងឱកាសមហាសន្និបាតលើកទី១៣៦នៃ សហភាពអន្តរសភា(IPU) នេះផងដែរ។

កិច្ចប្រជុំនេះមានគណៈប្រតិភូមកពី ២៧ប្រទេស បានចូលរួម។ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ញ៉ែម ថ្ថាវី បានថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានចូលរួមមហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ ដែលធ្វើនៅព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលវិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលអេភីអេបានសម្រេច និងសកម្មភាពការងារខាងមុខ។

សមាសភាពគណៈប្រតិភូសភាកម្ពុជា ដែលបានចូលរួមមហាសន្និបាតនេះមាន លោក យ៉ង់ សែម អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃព្រឹទ្ធសភា, លោកស្រី ជូឡុង សូមួរ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា, លោកស្រី ពុំ ស៊ីចាន់, លោក ខៀវ មុត សមាជិកព្រឹទ្ធសភា, លោក ញ៉ែម ថ្ថាវី សមាជិករដ្ឋសភា, លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា, លោក ស្រ៊ុន តារា អគ្គលេខាធិការរងរដ្ឋសភា និងមន្ដ្រីជំនួយការព្រឹទ្ធសភា រដ្ឋសភា មួយចំនួនទៀត។

គណៈប្រតិភូសភាកម្ពុជា បានបែងចែកគ្នាចូលរួមកិច្ចប្រជុំជាច្រើន នៃមហាសន្និបាតនេះ ដែលមាន កិច្ចប្រជុំអាស៊ានបូកបី រៀបចំដឹកនាំ កិច្ចប្រជុំសម្របសម្រួលសភាតំបន់អាស៊ី(APA) កិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក មហាសន្និបាតលើកទី១៣៦ របស់សហភាពអន្តរសភា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០០ និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី១ សន្តិភាព និង សន្តិសុខអន្តរជាតិជាដើម។

គួរបញ្ជាក់ថា មហាសន្និបាតបានប្រកាសបើកជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ដោយលោកស្រី Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស អមដោយលោកស្រី បណ្ឌិត Shirin Sharmin Chaudhury ប្រធានសភាបង់ក្លាដេស លោក Saber CHOWDHURY ប្រធានសហភាពអន្តរសភា និងលោក Martin Chungong អគ្គលេខាធិការ IPU៕