(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៦ ខែមេសានេះ បានព្យាករសេដ្ឋកិច្ចរបស់កម្ពុជា ដោយរំពឹងថា នឹងនៅតែមានភាពរឹងមាំ ក្នុងរយៈពេល២ឆ្នាំបន្តទៀត ដោយសារតែភាពរឹងមាំ នៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើង សកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងការកើនឡើងនូវចំណាយរបស់រដ្ឋាភិបាល គួបផ្សំនឹងការងើបឡើងវិញ ក្នុងកម្រិតមធ្យមនៃផលិតកម្មកសិកម្ម។
របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ ADB ដែលមានឈ្មោះថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១៧ (ADO) ដែលជារបាយការណ៍ពិសេសរបស់ស្ថាប័ននេះ បានលើកឡើងថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) នឹងកើនឡើងដល់៧.១% ក្នុងឆ្នាំ ២០១៧ និងឆ្នាំ២០១៨ ពោលគឺខ្ពស់ជាងតួលេខប៉ាន់ប្រមាណ៧.០% ក្នុងឆ្នាំ២០១៦បន្តិច នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ទើបចេញផ្សាយនៅថ្ងៃទី៦ ខែមេសានេះ។
លោក Samiuela Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «ខណៈពេលដែលទស្សនវិស័យកំណើនសេដ្ឋកិច្ចរយៈពេលខ្លីរបស់កម្ពុជា នៅតែមានភាពរឹងមាំ ថ្លៃឈ្នួលពលកម្ម និងកង្វះជំនាញ នៅតែមានការកើនឡើង។ ការពន្លឿនការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ នឹងកាត់បន្ថយចំណាយសម្រាប់ការធ្វើធុរកិច្ច និងបង្កើនកំណើនផលិតភាព និងភាពប្រកួតប្រជែងរបស់ប្រទេសនេះ តាមរយៈកំណែទម្រង់លិខិតបទដ្ឋានគតិយុត្តិ និងការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារ និងជំនាញផេ្សងៗមួយចំនួនទៀត»។
របាយការណ៍ ADB បានបញ្ជាក់ទៀតថា កំណើនវិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងមានអត្រាខ្ពស់ជាងមុនបន្តិច ពោលគឺ១០.៨% នៅឆ្នាំនេះ ដោយសារប្រទេស ឧស្សាហកម្មធំៗមួយចំនួន មានកំណើនខ្ពស់ជាងមុន និងការធ្វើពិពិធកម្មទៅរកផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា សម្លៀកបំពាក់ ស្បែកជើង កម្មន្តសាលធុនស្រាល និងអេឡិចត្រូនិច ជាដើម។ វិស័យសេវាកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៦.៧% ដោយសារតែការកើនឡើងខ្ពស់នៃតម្រូវការក្នុងស្រុក និងវិស័យទេសចរណ៍។ ចំណែកវិស័យកសិកម្មវិញ នឹងកើនឡើង ១.៨% ដោយសន្មត់ថា អាកាសធាតុនឹងមានលក្ខណៈអំណោយផល។ វិស័យសំណង់ត្រូវបានរំពឹងថានឹងមានកំណើនមធ្យម។
របាយការណ៍ដដែលបញ្ជាក់ទៀតថា ឱនភាពសារពើពន្ធ ដែលមិនរាប់បញ្ចូលហិរញ្ញប្បទានឥតសំណង ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៤.៣% នៃ ផ.ស.ស ក្នុងឆ្នាំនេះ ដោយសារតែចំណាយសាធារណៈមានការកើនឡើងខ្ពស់ជាងមុន។ គេរំពឹងថា ការឡើងនូវថ្លៃប្រេងនិងទំនិញផ្សេងទៀតលើទីផ្សារអន្តរជាតិ នឹងធ្វើឲ្យអតិផរណាកើនឡើងដល់ ៣.៤% នៅឆ្នាំនេះ ពី៣.០% ក្នុងឆ្នាំ ២០១៦។ ឱនភាពគណនីចរន្ត ដោយមិនរាប់បញ្ចូលជំនួយនិងកម្ចីផ្លូវការ នឹងថយចុះមកនៅ ៩.៤% នៃ ផ.ស.ស ក្នុងឆ្នាំ ២០១៧ ពី ១០.១% នៃ
ផ.ស.ស កាលពីឆ្នាំកន្លងទៅ ខណៈដែលការនាំចេញមានភាពរឹងមាំ ហើយថ្លៃប្រេងចុះទាប។
ADB បានលើកឡើងទៀតថា ហានិភ័យធំៗខាងក្រៅរួមមាន កំណើនមិនជាទីពេញចិត្តនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ និងការឡើងថ្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិច ដែលអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា និងធ្វើឲ្យការប្រកួតប្រជែងរវាងកម្ពុជា ជាមួយប្រទេសដែលមានថ្លៃដើមទាបផ្សេងទៀត កាន់តែមានភាពតានតឹង៕