(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០៤-០៧ ខែមេសា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការពង្រឹងចំណេះដឹងផ្នែកថែទាំសុខភាព ដល់មន្ត្រី និងបុគ្គលិករបស់ខ្លួន មកពីរាជធានី-ខេត្តទាំង២៥ ចំនួន៨២នាក់ ក្រោមអធិបតីលោក អ៊ុក សមវិទ្យា នាយក ប.ស.ស។

លោក អ៊ុក សមវិទ្យា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង បង្កើនចំណេះដឹង សមត្ថភាព ក៏ដូចជាចែករំលែកបទពិសោធន៍ថ្មីៗ ដែលទាក់ទងនឹងការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធភាព ធានាបាននូវគុណភាព និងភាពទាន់ពេលវេលា ក្នុងការផ្តល់សេវា  ជាពិសេសរបបថែទាំសុខភាព ដែលមានភាពស្មុគស្មាញច្រើន។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើមុខវិជ្ជា៖
១៖ សញ្ញាណទូទៅនៃសន្តិសុខសង្គម ផ្នែកថែទាំសុខភាព
២៖ ការបញ្ជូលទិន្នន័យក្នុងប្រព័ន្ធ របៀបឆែកសុពលភាព
៣៖ តាវកាលិកផ្នែកថែទាំសុខភាព និងយន្តការទូទាត់ថ្លៃសេវា
៤៖ ការប្រើប្រាស់សេវានៅមន្ទីរពេទ្យ និងបញ្ហាប្រឈម
៥៖ អភិបាលកិច្ចល្អ។

នៅពេលបញ្ចប់វគ្គ សិក្ខាមទាំងអស់ នឹងត្រូវបែងចែកតាមក្រុមនីមួយៗ ចុះធ្វើទស្សនកិច្ចតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យពោធិ៍តុង និងមជ្ឈមណ្ឌលគាំពារមាតា និងទារក ដើម្បីផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងការផ្តល់សេវាដ៏ល្អបំផុត ដល់កម្មករ-កម្មការិនី។