(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក និងលោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ បានចូលរួមសម្ពោធស្រះទឹកមានទំហំ២៨ម៉ែត្រ និង២១ម៉ែត្រ ជម្រៅ៦ម៉ែត្រ ដោយចំណាយថវិកាអស់ចំនួន១៦៩,៥៨៨,២០០រៀល (ជាង៤ម៉ឺនដុល្លារ) ដើម្បីប្រគល់ជូនព្រះសង្ឃ និងប្រជាពលរដ្ឋ យកទៅប្រើប្រាស់ជាផ្លូវការ។
ទឹកស្រះនេះស្ថិតនៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានបំរើប្រយោជន៍ ជូនប្រជាពលរដ្ឋចំនួន៤ភូមិ គឺភូមិសាគ្រាមត្បូង ភូមិសាគ្រាមជើង ភូមិថ្នល់ និងភូមិវាលចាស់ ដែលមានប្រជាពលរដ្ឋ ជាង៣០០០គ្រួសារ។
ទាំងលោក សុក ផេង និងលោក ជា អឿង សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុងការកសាង សមិទ្ធផលថ្មីមួយនេះ ដើម្បីប្រយោជន៍សង្គមហើយនេះ គឺជាការចូលរួមចំណែកជួយដល់រដ្ឋាភិបាល។
លោកទាំង២បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានតម្លាត្រូវដោះស្រាយ ដោយមានភាពយុត្តិធម៌ ត្រឹមត្រូវ តម្លាភាព ចំពោះក្រុមការងារធ្វើអ្វីៗ កុំឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវគិតពីសន្តិសុខ សុវត្ថិភាព គិតតែពីមុខរបរប្រចាំអាយុជីវិត ហើយខិតរក្សាឲ្យភូមិ ឃុំមានសុវត្ថិភាពកុំឲ្យមានចោរលួច ឆក់ ប្លន់ គ្រឿងញៀន ពោលត្រូវយកចិត្តទុកដាក់ ជួយទុក្ខធុរៈគ្នានៅតាម ឃុំភូមិពិនិត្យលើបច្ចុប្បន្នភាពភូមិ ពិនិត្យមើលបញ្ហាប្រឈម និងចំណុចកង្វះខាតដើម្បីរកដំណោះស្រាយ រាល់បញ្ហាដែលមានកើតឡើងកន្លងមក នៅតាមបណ្ដាមូលដ្ឋានត្រូវបានអាជ្ញាធរយើងធ្វើការដោះស្រាយ។
លោកក៏បានក្រើនរម្លឹក ដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចត្រូវធ្វើអំពើល្អ សំខាន់ការចុះឲ្យដល់លំនៅដ្ឋានរបស់ពួកគាត់ ឲ្យដឹងពីសុខទុក្ខរបស់ពួកគាត់។ ម្យ៉ាងទៀត ត្រូវអនុវត្តនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការគ្រប់គ្រងឲ្យបានលើការធ្វើចំណាកស្រុក និងចំណូលស្រុករបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន និងជួយផ្សព្វផ្សាយជំរុញឲ្យទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា ព្រមទាំងការខិតខំបញ្ជូនកូនទៅរៀនឲ្យបានចប់ចុងចប់ដើម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ ដែលផ្ទុយពីច្បាប់។
ជាចុងបញ្ចប់ថ្នាក់ដឹកនាំទាំង២ បានផ្តាំផ្ញើដល់ក្រុមការងារឲ្យ ធ្វើអំពើល្អ ជាគំរូល្អ ដល់ប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត និងនាំយកវិកាចំនួន ៣លានរៀល សម្រាប់ការចំណាយក្នុងកម្មវិធី៕