(ភ្នំពេញ)៖ ប្ដី-ប្រពន្ធមួយគូ កំពុងតែដេកលង់លក់នៅបន្ទប់ជួលរបស់ខ្លួន ស្រាប់តែត្រូវជនល្មើសចំនួន២នាក់ កាន់កូនកាំបិត ចូលចាក់ដល់ក្នុងបន្ទប់ បណ្ដាលឲ្យបុរសជាប្ដីរងរបួសធ្ងន់ និងស្រ្ដីជាប្រពន្ធរបួសស្រាល។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ នៅត្រង់ទីតាំងបន្ទាប់ជួល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាប្ដី ដែលបានរងរបួសធ្ងន់ខាងលើនេះ មានឈ្មោះ សាក់ កាណា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ។
សមត្ថកិច្ចដដែលបានបន្ថែមទៀតថា ចំពោះករណីនេះ នៅមិនទាន់សន្និដ្ឋានជាករណីអ្វីនៅឡើយទេ ដោយរងចាំបុរសជាប្ដីដឹងខ្លួនសិន ចាំសួរនាំដំណើររឿងតាមក្រោយបន្តទៀត៕