(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទB40 ១គ្រាប់ និងគ្រាប់បែកដៃ M69 USA ១គ្រាប់ ដែលគាត់បានប្រទះឃើញពេលទៅបង់សំណាញ់នៅស្ទឹងធ្លាម្អម ត្រង់ចំណុចក្រាំងតារី ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មកប្រគល់ជូនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ដើម្បីរក្សាទុកបន្ត ក្រោយទទួលបានការផ្សព្វផ្សាយ ទូលំទូលាយពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព»។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ពលរដ្ឋដែលបានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទB40 ១គ្រាប់ និងគ្រាប់បែកដៃ M69 USA ១គ្រាប់ មកឲ្យសមត្ថកិច្ចដោយខ្លួនឯងនោះគឺលោក ស៊ិន យឹង អាយុ៧០ឆ្នាំ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បន្តថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នេះ ត្រូវបានសមត្ថកិច្ចប្រគល់បន្តជូន អង្គការជំនាញ Halo Trusts ដើម្បីធ្វើការកម្ទេចចោលផងដែរ។
គួរបញ្ជាក់ថា ការដែលប្រជាពលរដ្ឋប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើនេះ ធ្វើឡើងក្រោយពីពួកគាត់បានយល់ច្បាស់អំពីច្បាប់ និងចូលរួមអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ព្រោះថាការរក្សាទុកអាវុធជាតិផ្ទុះ គឺជាអំពើខុសច្បាប់ ប្រសិនបើសមត្ថកិច្ចរកឃើញ និងត្រូវទទួលទោសតាមផ្លូវច្បាប់៕