(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា ត្រូវរស់នៅក្រោមដំបូលសន្តិភាព ដែលកំពុងគ្រប់ដណ្តប់ពាសពេញប្រទេសនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកប្រជាពលរដ្ឋថា មានតែសុខសន្តិភាពទេ ដែលធ្វើឲ្យប្រទេសបានសប្បាយរីករាយ និងប្រទេសមានការអភិវឌ្ឍរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែគិតគូរ និងដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជាងើប ចេញពីប្រទេសក្រីក្រ មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០ គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែងស្ថិតក្នុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។

មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មានការរក្សាឲ្យបាននូវ សន្តិភាពនោះទេ បើសិនវាត្រូវបានបំផ្លាញហើយគ្មានការអភិវឌ្ឍណាមួយ នឹងត្រូវបានអភិវឌ្ឍនោះទេ មានតែការបំផ្លាញមិន ត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនោះទេ ជីវិតមនុស្សក៏ត្រូវបានបំផ្លាញដូចគ្នា ជាក់ស្តែងនៅឆ្នាំ១៩៧០ សង្រ្គាមបានផ្ទុះឡើងប្រជាពលរដ្ឋ ក៏ត្រូវរងទុក្ខលំបាកដូចគ្នា ប្រជាពលរដ្ឋត្រូវរត់គិត ពីគ្រាប់បែករាល់ថ្ងៃ ការសម្លាប់រាល់ថ្ងៃក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត សង្រ្គាមនៅបន្តឆក់យក ជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិ យើងបានប្រឹងប្រែងរួមគ្នា នៃបណ្តាភាគីដែលមានការពាក់ព័ន្ធ ដើម្បីរកការបង្រួបបង្រួមជាតិ និងសន្តិភាព។ ពេលអ៊ុនតាក់ ចាយលុយអស់ជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក អ៊ុក តាក់ បានដកត្រលប់ទៅវិញ ដោយបន្សល់ទុក នូវប្រទេសដែលមាន តំបន់ត្រួតត្រា២ តំបន់ត្រួតត្រា១ គឺរាជរដ្ឋាភិបាលនៅទីក្រុងភ្នំពេញ និងតំបន់ត្រួតត្រា១ទៀតខ្មែរក្រហម នៅតាមព្រំដែន»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីទុក្ខវេទនា របស់ប្រជាពលរដ្ឋកម្ពុជា ដោយសារភ្លើងសង្រ្គាមចាប់តាំងពីទសវត្សរ៍ ឆ្នាំ៧០ រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ដែលសង្រ្គាមនេះ បើទោះបីជាអង្គការសហប្រជាជាតិ ចំណាយលុយ រហូតដល់ ២ពាន់លានដុល្លារក្តី ក៏មិនអាចបញ្ចប់ សង្រ្គាមបាននោះឡើយ។

ជាការកត់សំគាល់ រហូតមកដល់ពេលនេះ សង្រ្គាមបានបិទបញ្ចប់ទាំងស្រុងក្រោមការដឹកនាំ នយោបាយឈ្នះឈ្នះ របស់ សម្តេច ជាពិសេសការ យកជីវិត ធ្វើជាដើមទុន ក្នុងការចុះចារជាមួយកងទ័ពខ្មែរក្រហម ដែលសេសសល់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពឈឺចាប់របស់ ប្រជាជនខ្មែរ បានឆ្អែតគ្រប់គ្រាន់ហើយ ដែលត្រូវតែរួមគ្នាថែរក្សានូវ សុខសន្តិភាព៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖