(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ គឺជាខួបពីរឆ្នាំហើយ នៃការដាក់ឲ្យប្រើប្រាស់ស្ពាន «ត្សឹបាសា» ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គវែងជាងគេនៅកម្ពុជា។ នៅក្នុងថ្ងៃខួបពីរឆ្នាំនៃការដាក់ឲ្យដំណើរការស្ពាន កើតចេញពីចំណងមិត្តភាពដ៏ល្អរវាងកម្ពុជា និងជប៉ុននេះ ឯករដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាលោក Horinouchi Hidehisa បានជូនពរឲ្យចំណងមិត្តភាពកម្ពុជា-ជប៉ុន អភិវឌ្ឍន៍ទៅមុខកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត។
លោកឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងថា លោកសប្បាយរីករាយ ដោយសារស្ពាន «ត្សឹបាសា» ឬ ស្ពាន «អ្នកលឿង» នេះ ត្រូវបានប្រជាជនកម្ពុជារីករាយធ្វើដំណើរប្រចាំថ្ងៃ និងបានចូលរួមកែលំអរស្ថានភាពដឹកជញ្ជូននៅកម្ពុជា។ «ស្ពានអ្នកលឿងមានឈ្មោះជាភាសាជប៉ុនថា ស្ពានត្សឹបាសា មានន័យថា ស្ពានស្លាបបក្សីដោយសារមកពីរូបរាង ព្រមទាំងរដ្ឋាភិបាលសង្ឃឹមថា ស្ពាននេះនឹងប្រែក្លាយជាបក្សីត្រដាងស្លាប ដែលនឹងនាំឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនទៅមុខរហូតដល់អនាគត។ ខ្ញុំសូមជូនពរ ឲ្យចំណងមិត្តភាពរវាងកម្ពុជា និង ជប៉ុន អភិវឌ្ឍន៍ទៅមុខកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត»។
សូមបញ្ជាក់ថា ស្ពានត្សឹបាសា គឺជាស្ពានវែងជាគេបង្អស់នៅកម្ពុជា មានប្រវែងសរុប ២,២១៥ម៉ែត្រ និងមានទទឹងប្រវែង ១៣ម៉ែត្រ ចំណាយទឹកប្រាក់ ១៣០លានដុល្លារជាជំនួយរបស់ជប៉ុន។ ស្ពានដ៏ប្រណីតនេះ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្រោយដាក់ឲ្យដំណើរការស្ពាន «ត្សឹបាសា» មិនតែជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋខ្មែរ ប៉ុណ្ណោះទេ មានប្រជាពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាធ្វើដំណើរទៅមើល និងឈរលេងកម្សាន្តនៅលើស្ពានមួយនេះផងដែរ៕