(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅបន្តឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយកងកម្លាំងរបស់ខ្លួនជិត២០០នាក់។
នៅក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពី ស្នងការរងនគរបាលរាជធានីភ្នំពេញ នាយការិយាល័យ អធិការទាំង១២ខណ្ឌ អធិការរង និងនាយនគរបាលប៉ុស្តិ៍ទូទាំង រាជធានីភ្នំពេញជិត២០០នាក់។
នៅក្នុងកិច្ចប្រជុំនេះនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧នេះ បទល្មើសនៅរាជធានីភ្នំពេញ មានការថយចុះ នេះដោសារការខិតខំប្រឹងប្រែង ពីកិច្ចសហការរបស់កម្លាំងនគរបាលទាំងអស់។ បើតាមលោកស្នងការ ខណ្ឌចំការមនបានទទួលចំណាត់លេខ១ ចំពោះបទល្មើសថយចុះ តាមពីក្រោយខណ្ឌជ្រោយចង្វារ និងចំណាត់ថ្នាក់លេខ៣បានទៅខណ្ឌព្រែកព្នៅ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍សុ្នងការ បានបញ្ជាក់ ខណ្ឌដែលទទួលចំណាត់ថ្នាក់លេខ១ លើការបង្ក្រាបបទល្មើសគឺ អធិការដ្ឋាននគរបាលខណ្ឌទួលគោក។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកឡើងផងដែរ មុនចូលឆ្នាំ អាចប្រឈមបទល្មើសកើតឡើង ដោយសារប្រជាពលរដ្ឋភាគច្រើន ចេញទៅតាមបណ្ដាខេត្ត ដែលប្រឈមបទល្មើសលួច ចោរលួចគាស់ និងគ្រោះអគ្គិភ័យជាដើម ដូច្នេះកងកម្លាំងនគរបាលទាំងអស់ ត្រូវមានការប្រចាំការ និងរឹតបន្តឹងឲ្យបានខ្លាំងនាឱកាសមួយនេះ៕