(ភ្នំពេញ)៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនវិនិយោគ របស់ប្រទេសកូរ៉េប្រមាណជាង៧០០ ក្រុមហ៊ុនហើយ ដែលកំពុងវិនិយោគនៅក្នុងកម្ពុជា ដោយក្នុងភាគច្រើនមកវិនិយោគ ខាងផ្នែកវិស័យកាត់ដេរ និងផ្នែកអចលទ្រព្យ។
ការថ្លែងបញ្ជាក់យ៉ាងដូច្នោះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី «ភាពជាដៃគូធុរកិច្ចកម្ពុជា-កូរ៉េ និងជំនួបពាណិជ្ជកម្មរវាងធុរជន កម្ពុជា-កូរ៉េ» ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មអន្តជាតិ កូរ៉េ ដែលមានការចូលរួមពីគណៈប្រតិភូកូរ៉េ ចំនួន២៥ ក្រុមហ៊ុន ដឹកនាំដោយលោក អ៊ីន ហួគីម ប្រធាននិងជានាយកប្រតិបត្តិ នៃសមាគមពាណិជ្ជកម្មអន្តជាតិកូរ៉េ និងពាណិជ្ជករកម្ពុជា ជាសមាជិក-សមាជិកសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ លោកឧកញ៉ា លឹម ហេង នៅសណ្ឋាគារអ៉ីនធើកុងទីណង់តាល់។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមកមានវិនិយោគិនកូរ៉េ ធ្វើការវិនិយោគនៅកម្ពុជា លើវិស័យកាត់ដេរនិងផ្នែក អចលនទ្រព្យ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនកូរ៉េមួយចំនួន បានចាប់អារម្មណ៍ វិនិយោគទៅលើផ្នែកកសិកម្ម នៅកម្ពុជាផងដែរ។
លោកឧកញ៉ា លឹម ហេង បានបន្ថែមថា «ប្រទេសកម្ពុជាយើងមានទីផ្សារ ប៉ុន្ដែខ្វះនៅអ្នកផលិត ដូចជាយើងមានការរួចពន្ធនៅសហគមន៍ អ៊ីរ៉ុប ទៅអាមេរិក កាណាដា ចិន និងបណ្ដា ប្រទេសមួយចំនួនទៀត ដែលគេបានលើកលែងពន្ធឲ្យយើង ដូច្នោះហើយសភាពាណិជ្ជកម្ម កម្ពុជា ស្នើឲ្យសុំសមាគមពាណិជ្ជកម្មអន្តជាតិកូរ៉េ បង្កើនការនាំចេញពីកម្ពុជា គ្រប់វិស័យដែលកម្ពុជាយើងមាន»។
លោកបានបញ្ជាក់បន្ថែមទៀតថា ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ គិតមកដល់ពេលនេះ បានកើនឡើងដល់៨១២លានដុល្លារ ក្នុងឆ្នាំ២០១៦។
សូមជម្រាបថា នៅក្នុងសិក្ខាសាលានោះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការក្នុងគោលបំណងរួមគ្នា លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងឧស្សាហកម្ម ជំរុញការផ្លាស់ប្ដូរ ទស្សនកិច្ចពាណិជ្ជកម្ម និងសម្របសម្រួលផ្ដល់ការគាំទ្រក្នុងការ រៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម ដូចជា សិក្ខាសាលា ជំនួបពាណិជ្ជកម្ម ពិព័រណ៍ ពាណិជ្ជកម្ម និងកិច្ចប្រជុំផ្សេងៗ និងចែករំលែក ព័ត៌មានទីផ្សារពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ៕