(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ ដោយមានរបៀបវារៈចំនួន៤ សំខាន់ៗ។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
កិច្ចប្រជុំខាងលើនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។
របៀបវារៈចំនួន៤នោះ រួមមាន៖
១៖ ព្រះរាជសារព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៥។
៣៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ។
៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ៕