(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលគេស្គាល់ថា ប្រពន្ធរបស់លោក ហេង មេភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានលេងល្បែងចាញ់ អស់លុយហើយរហូតជំពាក់គេទៀតនោះ បានយករថយន្ត១គ្រឿង ទៅដាក់បញ្ចាំក្នុងតម្លៃ៦ពាន់ដុល្លារ ដើម្បីយកលុយទៅលេងល្បែងស្ដារដើម ប៉ុន្តែបែរជារឹតតែចាញ់ថែមទៀត រហូតគ្មានលុយទៅរំលោះយកមកវិញ។ ទង្វើបែបនេះត្រូវបានបុរសជាប្ដី ឃាត់ខ្លួនប្រគល់ឲ្យនគរបាលធ្វើការសាក សួរនៅប៉ុស្ដិ៍នគរបាល នាវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែមិនបានបញ្ជាក់ថា ត្រឹមការអប់រំ ឬក៏ចាត់ការតាមច្បាប់ឡើយ។

ស្រ្តីរូបនោះឈ្មោះ ធា អាយុ៣២ឆ្នាំ មានកូន៣នាក់ ជាប្រពន្ធលោក លឹម សម្បត្តិ ហៅហេង មេភូមិព្រៃព្រីងខាងត្បូង មានទីលំនៅក្នុងភូមិព្រព្រីខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីរូបនេះបានយករថយន្ត១គ្រឿងម៉ាក Hihglander ទៅដាក់បញ្ចាំនៅកាស៊ីណូណាហ្គា ក្នុងតម្លៃ៦ពាន់ដុល្លារ បន្ទាប់ពីលេងល្បែងបៀរនៅក្នុងកាស៊ីណូមួយនោះចាញ់អស់គូថខោ។

ស្រ្តីរូបនោះបាននិយាយថា មូលហេតុដែលនាងយករថយន្តទៅបញ្ចាំ គឺព្រោះតែចាញ់ល្បែង។ នាងបានទៅលេងល្បែងនៅកាស៊ីណូណាហ្គា ប៉ុន្តែមុនទៅលេងល្បែងទីនោះ ដោយសារតែគ្មានលុយចាយគ្រប់គ្រាន់ នាងបានជំពាក់លុយគេ ហើយគ្មានលុយសម្រាប់សងគេ ក៏បានទៅលេងល្បែងក្រែបានលុយសងគេ ប៉ុន្តែមិននឹកស្មានថា កាន់តែលេងកាន់តែចាញ់សោះ រហូតជំពាក់គេថែមទៀត។ ទើបនាងសម្រេចចិត្តយក រថយន្តម៉ាក Highlander ១គ្រឿងទៅដាក់បញ្ចាំយកលុយលេងល្បែង ក្នុងបំណងស្ដារដើមតែស្ដារមិនរួច បានចាញ់អស់ ហើយក៏ត្រូវបានលោកប្ដីឃាត់ខ្លួន ប្រគល់ឲ្យនគរបាលបែបនេះតែម្ដង៕