(កំពង់ធំ)៖ ចាហួយដូង ទឹកដោះគោជូ ទឹកផ្លែឈើ ភេសជ្ជៈសាំម៉ូរ៉ៃ និងមីម៉ាម៉ាខូចគុណភាពជាច្រើន ដែលនាំចេញពីប្រទេសវៀតណាម និងថៃ ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារប្រឡាយ ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។
ការរកឃើញទំនិញខូចគុណភាពទាំងនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ ពេលមន្រ្តីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារប្រឡាយ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ តាមការណែនាំពីថ្នាក់ដឹកនាំ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាព ដូចជា៖ ចាហួយដូងម៉ាក Thanh Binh ៦កេសផលិតនៅវៀតណាម, ចាហួយម៉ាក DeeDo១០៥ដុំ ផលិតនៅថៃ, ភេសជ្ជៈម៉ាកសាំម៉ូរ៉ៃ១០ដប ផលិតនៅខ្មែរ, ទឹកដោះគោជូ៣២០ដប ផលិតនៅវៀតណាម, មីម៉ាម៉ា១៤កំប៉ុង ផលិតនៅវៀតណាម, ទឹកផ្លែឈើម៉ាក AD៦៥ដប ផលិតនៅថៃ, មី Spack ២០០កញ្ចប់ រួមនិងស្រាបៀផងដែរ។ បន្ទាប់ពីរកឃើញទំនិញខូចគុណភាពទាំងនេះ ក្រុមការងារទាំងអស់បានធ្វើកំណត់ហេតុ និងដកហូតយកទៅដុតកម្ទេចចោលផងដែរ។
ក្រុមកាងារក៏បានចែកផ្សាយ នូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមនឹងនេះក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងនូវការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូលតាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕