(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រួមជាមួយ លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង នាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសសម្ពោធអគារ២ខ្នង ក្នុងសាលាកងពលដឹកជញ្ជូនលេខ៩០ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ បានប្ដេជ្ញាថានឹងខិតខំពង្រឹងទំនាក់ទំនង និងបន្តជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។

អគារទាំង២ខ្នង ក្នុងសាលាកងពលដឹកជញ្ជូនលេខ៩០នោះ រួមមាន អគារសិក្សា១ខ្នង មានបណ្តោយ៣២ម៉ែត្រ ទទឹង៧ម៉ែត្រ និងអគារទីចាត់ការ១ខ្នង មានបណ្តោយ២០ម៉ែត្រ ទទឹង៧ម៉ែត្រ ធ្វើអំពីបេតុង ដំបូលប្រក់ក្បឿង ដោយចំណាយថវិកាអស់ចំនួន ៩០៩៤៣.២៨ដុល្លារ ស្ថិតនៅនៅឃុំសំបូរណ៍ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាល បានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។

លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង បានឲ្យដឹងថា ប្រទេសកម្ពុជា-វៀតណាម មានប្រវត្តិទំនាក់ទំនងគ្នាទៅវិញ ទៅមកជាយូរលង់ណាស់ មកហើយ ក្នុងដំណាក់កាលកម្ពុជាតស៊ូរំដោះជាតិ ឲ្យរួចផុតពីរបប ប៉ុល ពត កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានចូលរួមជួយវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដោយបានរំដោះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

លោកវរសេនីយ៍ឯក អាញ់យុង បានថ្លែងយ៉ាងដូច្នេះថា «មកដល់បច្ចុប្បន្ននេះ កងទ័ពប្រជាជនវៀតណាម នៅតែបន្តជួយឧបត្ថម្ភដល់ការកសាងកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចសម្ព័ន្ធនានា ទៅតាមលទ្ធភាព ដែលប្រទេសវៀតណាមអាចជួយទៅបាន ទាំងនេះនឹងធ្វើឲ្យចំណងសាមគ្គីភាព ភាពតរភាពរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធបន្ថែមទៀត»

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានផ្តាំផ្ញើដល់នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សារាល់សមិទ្ធផលទាំងអស់នេះ ឱ្យបានល្អជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រើប្រាស់ឱ្យចំគោលដៅ នៃការបង្កើនគុណភាពបណ្តុះបណ្តាលជំនាញបើកបរ ឱ្យបានច្បាស់លាស់ និងគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ និងត្រូវសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីចងក្រងឯកសារបង្រៀន ឱ្យមានការរីកចម្រើន ស្របតាមចរន្ត សាកលភាវូបនីយកម្មនៃបច្ចេកវិទ្យាទំនើប៕