(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញវិធានការសារជាថ្មី ដោយណែនាំ ជំរុញដល់ ស្ថាប័នត្រីភាគី និងដៃគូពាក់ព័ន្ធត្រូវបង្កើន និងពង្រឹងការអនុវត្តច្បាប់ជាតិ-អន្តរជាតិ គោលនយោបាយជាតិ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនានា ដើម្បីសម្រេចឲ្យបានជោគជ័យ លើកម្មវិធីជាតិស្ដីពី «ការងារសមរម្យសម្រាប់កម្ពុជា ឆ្នាំ២០១៦-២០១៨»

លោករដ្ឋមន្រ្តីក្រើនរំឭកជារើយៗបែបនេះ ត្រូវបានធ្វើឡើងសារជាថ្មី ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ស្តីពីការពិនិត្យប្រចាំឆ្នាំលើកម្មវិធី ការងារសមរម្យសម្រាប់ប្រទេសកម្ពុជា (២០១៦-២០១៨) នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ។

រដ្ឋមន្រ្តីក្រសួងការងារថ្លែងយ៉ាងដូច្នេះថា «ដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាគមនិយោជក អង្គការសហជីព កម្មករនិយោជិត ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តដាក់ និងចូលរួមអនុវត្តឱ្យបានជោគជ័យ នូវការកែទម្រង់ស៊ីជម្រៅទាំង៥ ដើម្បីសម្រេចឲ្យបានជោគជ័យ លើកម្មវិធីជាតិស្ដីពី ការងារសមរម្យសម្រាប់កម្ពុជា ឆ្នាំ២០១៦-២០១៨»។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានរំលឹកថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យ ចំនួន៤លើក រួចមកហើយ ហើយសិក្ខា សាលានេះ ក៏មានគោលបំណងពិនិត្យមើលពីសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសមេ្រចបាន ក្នុងឆ្នាំ២០១៦ កំណត់សកម្មភាព ការងារអាទិភាពគោលដៅ សម្រាប់ឆ្នាំ២០១៧ និងការកំណត់បញ្ហាប្រឈមសំខាន់ៗ ដើម្បីជំរុញការអនុវត្ត សម្រេចឲ្យបានជោគជ័យ លើកម្មវិធីការងារសមរម្យ សម្រាប់កម្ពុជា ឆ្នាំ២០១៦-២០១៨ បន្តទៀត។

សូមជម្រាបថា វិស័យអាទិភាពសំខាន់ៗចំនួន៣ ដែលក្រសួងការងារកំពុងខិតខំសម្រេចឲ្យបានជោគជ័យនោះ រួមមាន៖
១៖ ការធ្វើឱ្យប្រសើរឡើងវិញ នូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិនៅកន្លែងធ្វើការ
២៖ ការលើកកម្ពស់ បរិយាកាស អំណោយផល សម្រាប់កំណើនការងារសមរម្យ និងសហគ្រាសប្រកបដោយចីរភាព ដោយផ្តោតការ យកចិត្តទុកដាក់ ជាពិសេសលើមនុស្សវ័យក្មេង
៣៖ ការធ្វើឱ្យប្រសើរឡើង និងការពង្រីកកិច្ចគាំពារសង្គម ព្រមទាំងសុខភាព និងសុវត្ថិភាពការងារ ស្របតាមច្បាប់ស្តីពី របបសន្តិសុខ សង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលរាជរដ្ឋាភិបាល ទើបបានដាក់ចេញនាពេលថ្មីៗនេះ។

លោកបានបញ្ជាក់ថា កន្លងមក ក្រសួងការងារបានធ្វើកំណែទម្រង់ ប្រកបដោយប្រសិទ្ធភាព ក្នុងផែនការយុទ្ធសាស្ត្រកម្មវិធី ការងារសមរម្យ ក្នុងនោះរួមមាន៖
១៖ កំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ដោយគួបផ្សំអធិការកិច្ចជាតិ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សំដៅកសាងនូវ ទំនុកចិត្ត និងភាពប្រាកដប្រជាការអនុវត្តលក្ខខណ្ឌការងារ ស្របតាមច្បាប់ស្តីពីការងារ ការដោះស្រាយ វិវាទការងារតាមរយៈយន្តការ ត្រីភាគី។
២៖ បង្កើននូវប្រសិទ្ធភាពការងារ ក្នុងការចរចារនៅថ្នាក់មូលដ្ឋាន តាមរយៈគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្ម នៅគ្រប់មុខសញ្ញា។
៣៖ ការដំឡើងប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដោយប្រើប្រាស់នូវយន្តការត្រីភាគី ដោយផ្អែកលើកត្តាវិនិច្ឆ័យចំនួន៣ រួមមាន កត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាអតិផរណា។
៤៖ យន្តការនៃការដោះស្រាយវិវាទការងារត្រូវបានពង្រឹង ដើម្បីធានាបាននូវភាពសុខដុមរម្យនា នៃទំនាក់ទំនងវិជ្ជាជីវៈ។
៥៖ ការអភិវឌ្ឍជំនាញបច្ចេកទេស ត្រូវបានលើកកម្ពស់ រួមទាំងការជំរុញការអនុវត្តកាតព្វកិច្ច ការហ្វឹកហ្វឺនកូនជាងនៅរោងចក្រ សហគ្រាសផ្ទាល់។
៦៖ ការពង្រីកការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ត្រូវបានលើកកម្ពស់ និងបើកទូលាយទាំងក្នុង និងក្រៅប្រទេស។
៧៖ ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ គឺជាកិច្ចការសំខាន់ ដែលជាការងារអាទិភាពទី៤ របស់ក្រសួងការងារ ហើយដែលកន្លងមក ក្រសួងបានដាក់ឱ្យដំណើរការ ផ្នែកធានារ៉ាប់រងគ្រោះថ្នាក់ការងារ ការធានារ៉ាប់រង ផ្នែកសុខភាព និងដំណើរការផ្នែកប្រាក់សោធន។

ក្រៅពីការលើកឡើងដោយសង្ខេបខាងលើ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ជាពិសេសការបង្កើតច្បាប់ និងលិខិតបទដ្ឋាននានា ដើម្បីឆ្លើយតបនឹងកាលានុវត្តភាពការងារ រួមមាន ការកសាងច្បាប់ស្តីពី នីតិវិធីជម្រះក្តីវិវាទការងារ និងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា ជាដើម។

លោកបានអំពាវនាវដល់ដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាគមនិយោជក អង្គការសហជីព កម្មករនិយោជិត ព្រមទាំង អង្គការ មិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តដាក់ និងចូលរួមអនុវត្តឱ្យបានជោគជ័យ នូវការកែទម្រង់ស៊ីជម្រៅ ទាំង៥ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ ២០១៤-២០១៨ ជាពិសេសបន្តលើកកម្ពស់ លក្ខខណ្ឌការងារ ឱ្យកាន់តែប្រសើរឡើង តាមរយៈការអនុវត្តច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីសហជីព, ច្បាប់ស្តីពីរបបសន្តិសុខសង្គម, គោលនយោបាយជាតិ ស្តីពីឧស្សាហកម្ម, គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ, គោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់ លក្ខខណ្ឌការងារ, ពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញានានា ប្រកបដោយប្រសិទ្ធភាព៕