(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើទៅដល់ទីភ្នាក់ភ្នាក់ងារអូស្រ្តាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ (AusAID) នៅកម្ពុជា ពិនិត្យជួយផ្តល់ជំនួយសម្រាប់ការបង្កើតមុខរបរខ្នាតតូច ឬមធ្យមទៅដល់ជនពិការនៅតាមសហគមន៍នានា នៅកម្ពុជា សម្រាប់ការចិញ្ចឹមសត្វ ការដាំដុះបន្លែដែលមានលក្ខណៈបែបធម្មជាតិសរីរាង្គ(organic) មុខរបរទាំងនេះ អាចនឹងជួយសម្រួលទៅដល់ជីវភាពរស់នៅរបស់ជនពិការ និងអាចបង្កើននូវ ប្រាក់ចំណូលជូនទៅដល់បងប្អូនជនពិការរបស់យើងអោយមានការរស់នៅប្រកបដោយឯករាជ្យភាព។

លោក ឯម ច័ន្ទមករា បានស្នើសុំឲ្យ AusAIDនៅកម្ពុជា មេត្តាពិនិត្យគិតគូរអំពីការកាត់បន្ថយថវិការដែលគ្រោងផ្តល់សម្រាប់ ជួយដល់ខាងផ្នែកការតស៊ូមតិដោយបង្វែរទៅជាការជួយដោយផ្ទាល់ទៅដល់បងប្អូនជនពិការពីព្រោះលោកចង់ឃើញថាជំនួយរបស់បរទេសដែលផ្តល់ជួយមកដល់ប្រទេសកម្ពុជា គឺជនពិការនៅប្រទេសកម្ពុជាផ្ទាល់បានទទួលផលយ៉ាងពិតប្រាកដ ជាជាងការឃើញលទ្ធផលតែតាមរបាយការណ៍។

ការថ្លែងរបស់ លោក ឯម ច័ន្ទមករា បានធ្វើឡើង ក្នុងជំនួបជាមួយ នឹងលោកស្រី Benita Somervitte លេខាការីទី១នៃ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធសភាពការថ្មីៗទាក់ទងទៅនឹងវិស័យពិការភាពនៅកម្ពុជា នា ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ក្នុងនៅបន្ទប់ប្រជុំនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា បានបន្តថា សព្វថ្ងៃនេះស្ថានភាពទាក់ទងនឹងវិស័យពិការភាពនៅកម្ពុជា មានការ រីកចម្រើនជាលំដាប់ ពីព្រោះបងប្អូនជនពិការបានក្លាយទៅជានិមិត្តរូបរបស់បងប្អូនមិនពិការ ដោយយើងបានសង្កេតឃើញ ជាញឹកញាប់ថា បងប្អូនមិនមានពិការភាពបានទៅសុំថតរូបជាមួយបងប្អូនពិការ ហើយដាក់រូបនៅក្នុងហ្វេសប៊ុក របស់គេ ដើម្បីបង្ហាញអំពីការស្រលាញ់អាណិត និងភាពមិនរើសអើងចំពោះជនពិការ ជាពិសេស គឺបង្ហាញអំពីការលើកទឹកចិត្តឲ្យ បងប្អូនជនពិការមានឳកាសចូលរួម និងប្រឹងប្រែងបន្តការសិក្សាអោយមានការងារធ្វើនៅក្នុងសង្គម។

លោក ឯម ច័ន្ទមករា បានបន្តទៀតថា ចំពោះស្ថានភាពទាក់ទងនឹង វិស័យពិការភាពនៅកម្ពុជា គឺអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានដឹងអំពីសុខទុក្ខយ៉ាងពិតប្រាកដរបស់បងប្អូនជនពិការពីព្រោះយើងបានបង្កើតនូវ ក្រុមការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្រុមការងារទាំងអស់នេះបានផ្តល់នូវរាល់ពត៌មានជាទៀងទាត់ និងមានភាពជាក់ស្តែងអំពីវិស័យពិការភាពទាក់ទងនឹងស្ថានភាពរបស់ជនពិការមកកាន់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

ជាការឆ្លើយតប លោកស្រី Benita Somervitte លេខាការីទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារទីភ្នាក់ងារអូស្រ្តាលី សម្រាប់ការអភិវឌ្ឍអន្តរជាតិ (AusAID) នៅកម្ពុជា បានសម្តែងនូវការកោតសរសើរអំពីការរីកចម្រើននៅក្នុងវិស័យពិការភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងប្រតិបត្តិការការងាររបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានព្យាយាមនៅក្នុងការជួយសម្រួល និងកែលម្អនៅចំណុចជាច្រើនសម្រាប់ភាពប្រសើរនៅក្នុងការរស់នៅ ប្រកបមុខរបរ បញ្ចេញមតិ និងមានសិទ្ធិដូចជនទូទៅនៅក្នុងសង្គម។

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា បានប្រាប់ភាគីអូស្រ្តាលីថា បច្ចុប្បន្នស្រ្តីពិការ ក៏ត្រូវបានរាជរដ្ឋាភិបាលផ្តល់អាទិភាព ហើយបានយកចិត្តទុកដាក់។ លោកបានបន្តថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ឧបករណ៍ភ្លេងចំនួន៥វង់ នឹងត្រូវធ្វើការបែងចែកជូនទៅដល់ក្រុមតន្រ្តីជនពិការ ដើម្បីជួយសម្រាលទៅដល់ទុក្ខលំបាករបស់ជនពិការទាំងអស់នោះ ក្នុងការយកទៅប្រកបមុខរបរចិញ្ចឹមជីវិត។ពិធីប្រគល់នោះធ្វើឡើង ក្រោមអធិបតីភាពរបស់ លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕