(ភ្នំពេញ)៖ ក្រុមហ៊ុននាំចូលស្រាទំពាំងបាយជូរ មកពីប្រទេសអូស្រ្តាលី មានឈ្មោះថា អូស អង្គរ អេស៊ា «Aus Angkor Asia Import Export Co.,Ltd» បានរៀបចំកម្មវិធីជួបជុំអតិថិជនរបស់ខ្លួន មកភ្លក្សរសជាតិថ្មី នៃស្រាទំពាំងបាយជូរ ទើបតែនាំចូលមកពីប្រទេសអូស្រ្តាលី ដែលកម្មវិធីនេះ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់១ នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួម ពីដៃគូទំនាក់ទំនងពាណិជ្ជកម្ម ជាច្រើននាក់។
ថ្លែងក្នុងពិធីជួបជុំ ភ្លក្សរសជាតិស្រាទំពាំងបាយជូរថ្មីនេះ លោក ផាត តូម៉ាស់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន «Aus Angkor Asia Import Export Co.,Ltd» បានឲ្យដឹងថា ដោយមើលឃើញពីទីផ្សារធំទូលាយនៅក្នុងប្រទេសកម្ពុជា ចំពោះអ្នកនិយមចូលចិត្តទទួលទានស្រាទំពាំងបាយជូរ មានការកើនឡើង ទើបក្រុមហ៊ុនបានចាប់ដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនចែកចាយស្រា នៅក្នុងប្រទេសអូស្រ្តាលី នាំចូលនូវប្រភេទស្រាទំពាំងបាយជូរ «Langmeil» មកកាន់ទីផ្សារក្នុងប្រទេសកម្ពុជា ដើម្បីឲ្យបងប្អូនបានស្គាល់រសជាតិស្រាដ៏ល្បី នៅក្នុងប្រទេសអូស្រ្តាលី។
លោកបន្តថា ជាការពិត ប្រទេសអូស្រ្តាលី ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថា ជាប្រទេសដែលមានរោងចក្រ ផលិតស្រាទំពាំងបាយជូរមានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ល្បីល្បាញ ជាយូរឆ្នាំណាស់មកហើយ។ យ៉ាងណាមិញប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពល្អប្រសើរ នៅក្នុងប្រទេសកម្ពុជាវិញ នៅពេលមានពិធីជួបជុំគ្នា តែងតែនិយមចូលចិត្ត ក្រេបរសជាតិស្រាទំពាំងបាយជូរ ទើបក្រុមហ៊ុនបានដាក់ទុនវិនិយោគ នាំចូលស្រាប្រភេទនេះ មកចូលក្នុងស្រុក ដើម្បីបំពេញសេចក្ដីត្រូវការ។
លោក ផាត តូម៉ាស់ បានសង្កត់ធ្ងន់ថា ស្រាទំពាំងបាយជូរ ពេលដែលលោកអ្នកទទួលទាន តាមកម្រិតស្ដង់ដារ និងត្រឹមត្រូវតាមការណែនាំ នោះវានឹងមិនបង្កផលប៉ះពាល់ដល់សុខភាព របស់លោកអ្នកឡើយ។ ផ្ទុយទៅវិញ វាអាចជួយសម្រួលឲ្យសរសៃឈាម មានចលនាបានស្រួល សម្រកក្បាលពោះ កាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន បានយ៉ាងមានប្រសិទ្ធិភាពទៀតផង ព្រោះវាមានជាតិអាល់កុលទាប មិនដូចស្រាវីស្គីនោះទេ។ ស្រាទំពាំងបាយជូរម៉ាក «Langmeil» គឺជាប្រភេទស្រា ដ៏ល្បីនៅក្នុងប្រទេសអូស្រ្តាលី ដែលប្រជាជននៅតំបន់នោះ ចូលចិត្តទទួលទានបំផុត ក្នុងលក្ខណៈជួបជុំគ្រួសារ ឬពិធីតូចធំ មួយចំនួន។
ការនាំចូលមកក្នុងប្រទេសកម្ពុជា នៅពេលនេះ លោកអ្នកប្រាកដជាស្គាល់នូវរសជាតិថ្មី ប្លែកមួយទៀត ពុំធ្លាប់មានពីមុនមក ខណៈក្រុមហ៊ុននឹងរំពឹងខ្ពស់ថា ទទួលបានជោគជ័យក្នុងការនាំចូល ព្រោះបច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋ បានងាកមកចាប់អារម្មណ៍ ទទួលទានស្រាទំពាំងបាយជូរច្រើនជាងមុន។ ចំពោះតម្លៃវិញក៏សមរម្យ អាចទទួលយកបាន សម្រាប់អ្នកចង់ពិសារស្រាប្រភេទនេះ។ នេះបើតាមលោក ផាត តូម៉ាស់ បញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា ស្រាទំពាំងបាយជូរម៉ាក «Langmeil» មានច្រើនប្រភេទ ច្រើនរសជាតិ ដូចជា Spring Fever Chardonnay, Stead Fast Shiraz, Three Ganden MSG, LanGmeil Blacksmith, Valley Floor Shiraz, Jackamans Cabernet, Orphan Bank Shiraz និង The Freedom' 1843 Shiraz ដែលមានដើមកំណើត មកពីតំបន់ផ្សេងគ្នា នៃប្រទេសអូស្រ្តាលី៕