Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខែក្រោយនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមសន្និសីទកំពូល ខ្សែក្រវ៉ាត់មួយ វិថីមួយ នៅប្រទេសចិន

06-04-2017 13:41

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងអញ្ជើញទៅចូលរួម សន្និសីទកំពូល ខ្សែក្រវ៉ាត់មួយ វិថីមួយ ដែលរៀបចំឡើងនៅប្រទេសចិន នៅខែឧសភា ខាងមុខនេះ។

ការប្រកាសនេះ បានធ្វើឡើងនៅនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំនឹងទៅចូលរួម ហើយផ្តល់សារសំខាន់ជាមួយនឹងការចូលរួម នូវសន្និសីទកំពូល ទាក់ទងនឹងខ្សែក្រវ៉ាត់មួយ វិថីមួយ នៅប្រទេសចិន ក្នុងខែឧសភាខាងមុខ ហើយពេលនោះ នឹងមានទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ»

សម្តេចតេជោ សង្ឃឹមថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនអំពីសន្និសីទកំពូលនេះ។ សម្តេចបញ្ជាក់ថា មូលនិធីផ្លូវសូត្រ ដែលមិត្តចិនបានបញ្ចេញ មានចំនួន៤០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ហើយបានបន្ថែមទុនជាបន្តបន្ទាប់ សម្រាប់ក្របខណ្ឌចិន-អាស៊ាន។

ជាមួយគ្នានេះ អគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសកម្ពុជា ក៏បានអះអាងដែរថា ការទៅចូលរួមសន្និសីទខាងលើរបស់សម្តេចតេជោ ហ៊ុន សែន នឹងហុចផលប្រយោជន៍យ៉ាងច្រើន ដល់ប្រទេសកម្ពុជា៕