(ភ្នំពេញ)៖ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅព្រឹកថ្ងៃទី០៦ ខែមេសានេះ ថ្នាក់ដឹកនាំសាលាបច្ចេកទេសដុនបូស្កូភ្នំពេញ បានបន្ដដឹកនាំនិស្សិតឆ្នាំទី២ ផ្នែងរោងជាង និងអគ្គិសនីចំនួន ៥០នាក់ ចុះធ្វើទស្សនកិច្ចសិក្សារោងកែច្នៃដែករបស់ក្រុមហ៊ុន ISI STEEL ដើម្បីស្វែងយល់បន្ថែមពីលើចំណេះដឹងរបស់ពួកគេ ពិសេសក្រុមហ៊ុនក៏បាន ប្រកាសផ្ដល់ឱកាសការងារសម្រាប់និស្សិតជំនាញ ក្រោយបញ្ចប់ការសិក្សាជាមួយ សាលាបច្ចេកទេសនេះទៀតផង ។
លោក កៅ ម៉េងឆួន ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន ISI STEEL បានថ្លែងថា ការអនុញ្ញាតឲ្យមានដំណើរ ទស្សនកិច្ចសិក្សាខាងលើ គឺជាការផ្ដល់ឱកាសដ៏ សំខាន់ដល់សិស្ស-និស្សិត ដែលត្រៀមបញ្ចប់ការសិក្សាធ្វើការស្វែងយល់ ដោយផ្ទាល់នូវស្ថានភាព និងបរិយាកាសការងារជាក់ស្ដែងក្នុងក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធន៍បន្ថែម លើចំណេះដឹង និងជំនាញរបស់ខ្លួន ដែលជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនជាមុនក្នុងការស្វែងរកការងារធ្វើ ក្រោយបញ្ចប់ការសិក្សា ។
លើសពីនេះ ប្រធានប្រតិបត្តិក្រុមហ៊ុនដដែល ក៏បានចែករំលែងនូវចំណេះដឹង ខ្សែសង្វាក់ផលិតកម្មដែក លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ជាច្រើនដល់និស្សិតនាឱកាសនោះផងដែរ ។ លោករំពឹងថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចសិក្សានេះ និស្សិតសាលាបច្ចេកទេសដុនបូស្កូ នឹងចាប់អារម្មណ៍ចំពោះប្រព័ន្ធគ្រប់គ្រង និងដំណើរការការងារនៃក្រុមហ៊ុនរបស់ខ្លួន ខណៈក្រុមហ៊ុនបានត្រៀមខ្លួនទទួលជានិច្ច សម្រាប់និស្សិតខ្មែរក្រោបញ្ចប់ការសិក្សានៅសាលាបច្ចេកទេសដុនបូស្កូ ដោយមិនប្រកាន់ភេទ ឬពិការភាពឡើយ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ISI STEEL បានបង្កើតឡើងកាលពីឆ្នាំ១៩៩៧ ហើយមកទល់បច្ចុប្បន្នមានអាយុកាល ២០ឆ្នាំហើយ ដោយមានបុគ្គលិកជាង ១,០០០នាក់ឯណោះ ដើម្បីរួមចំណែកផលិតគ្រឿដែកតាមតម្រូវការរបស់អតិថិជនក្នុងមួយខែៗ ដែលផលិតផលទាំងនោះ រួមមានដែកទីបមូល ទីបជ្រុង ដែក C ដែក U ដែក Z រួមទាំងសង្ក័សីជាច្រើនប្រភេទទៀត ។ ហើយបុគ្គលិកទាំងអស់ បានអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ដោយស្ដែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត នៅក្នុងក្រុមហ៊ុនជាដើម ៕