(កណ្តាល)៖ លោកគ្រូ អ្នកគ្រូចំនួន៣០នាក់ និងកូនសិស្សចំនួន៤២០នាក់ នៅអនុវិទ្យាល័យពញាឮ ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានសម្តែងការសប្បាយចិត្តរីករាយយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានទទួលអំណោយជាសម្ភារសិក្សា និងថវិកាពីភរិយា និងក្រុមគ្រួសាររបស់លោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ពិធីចែកអំណោយ និងថវិកាជូនដល់លោកគ្រូអ្នកគ្រូនាពេលនេះលោក សូ ស៊ុនណារ៉ា និងភរិយាលោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានចែកសម្ភារសិក្សាមានសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកាមួយចំនួនដល់សិស្ស៤២០នាក់ ខណៈអ្នកគ្រូ លោកគ្រូ៣០នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ ថវិកា១៥០០០រៀលផងដែរ។
ភរិយាលោក ហៀង សុភក្រ្ត បានថ្លែងថា ការនាំអំណោយមកចែកជូនដល់លោកគ្រូ អ្នកគ្រូ និងកូនសិស្សនៅពេលនេះ ដើម្បីអបអរសាទរថ្ងៃចូលឆ្នាំ ប្រពៃណីជាតិដែលចូលមកដល់នាពេលខាងមុខនេះ និងជាបង្ហាញការដឹងគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំបង្រៀនកូនសិស្ស ដើម្បីក្លាយជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ៕