(បន្ទាយមានជ័យ)៖ ហាមទិញ! មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានរកឃើញសារធាតុគីមី Formuline មាននៅលើគ្រឿងសមុទ្រដូចជា៖ បង្គា និងមឹក ដែលត្រូវបានក្រុមអាជីវករដាក់លក់នៅក្នុងផ្សារមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលសារធាតុគីមីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នៅពេលទទួលទាន ហើយសារធាតុនេះទៀតសោត គឺគេទុកប្រើសម្រាប់សាកសពមនុស្ស ដើម្បីឲ្យបានយូរ តែប៉ុណ្ណោះ។
ការរកឃើញសារធាតុគីមីនៅលើគ្រឿងសមុទ្រនេះ បានកើតមានឡើងខណៈមន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រោមការណែនាំផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខា និងក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះពិនិត្យទំនិញដាក់លក់នៅក្នុងផ្សារមង្គលបុរី មុនថ្ងៃចូលឆ្នាំមកដល់។
លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារខេត្តបន្ទាយមានជ័យ ដែលដឹកនាំការចុះពិនិត្យនេះ បានបញ្ជាក់ថា «ពេលយើងចុះពិនិត្យ មន្ត្រីជំនាញយើងបានរកឃើញគ្រឿងសមុទ្រ បង្គា មឹក ដែលត្រាំក្នុងទឹក ដាក់តាំងលក់នៅក្នុងផ្សារមង្គលបុរី ក្នុងនោះមានសារធាតុម្យ៉ាងគឺ (Formuline) ហ្វ័រម៉ូលីន ដែលបង្កពាល់សុខភាពយ៉ាងធ្ងន់ធ្ងរដូចជា៖ ក្អួត រាគ ស្វិតសួត ថ្លើម រំពែង បេះដូង រហូតធ្វើឲ្យសុខភាពយើងកាន់តែខ្សោយម្តងបន្តិចៗ រហូតស្លាប់បាត់បង់ជីវិត»។
លោក ហុង លៀង បានបន្តទៀតថា បង្គា មឹក ជិត១០គីឡូក្រាមនោះ យើងបានរឹបអូសយក ទៅបំផ្លាញចោល ចំណែកអាជីវករ គ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់ យកលក់បន្តទៀត មិនដូច្នោះនឹងចាត់ការតាមនិតិវិធីច្បាប់តុលាការជាធរមាន ហើយសារធាតុ (Formuline) ហ្វ័រម៉ូលីន នេះគឺគេប្រើប្រាស់ទៅលើសាកសពខ្មោចប៉ុណ្ណោះ ដើម្បីរក្សាទុកសាកសពឲ្យបានរយៈពេលយូរ។
លោកក៏បានអំពាវដល់ប្រជាពលរដ្ឋ អាជីវកទាំងត្រូវប្រុងប្រយ័ត្នខ្ពស់ សំរាប់មុខទំនិញណាគ្មានគុណភាព ចំណាយថវិកាទិញ ហើយបរិភោគបង្កប៉ះពាល់សុខភាព៕