(ភ្នំពេញ)៖ ពេលរសៀលម្សិលមិញក្រសួងមហាផ្ទៃ បានទទួលស្គាល់ជាផ្លូវការចំពោះ លោក កឹម សុខា ថាជាប្រធានគណបក្សសង្រ្គោះជាតិហើយ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងមហាផ្ទៃមិនទទួលស្គាល់ចំពោះតំណែងអនុប្រធានទាំង៣រូប រួមមាន៖ លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង។ បន្ទាប់ពីការប្រកាសរបស់ក្រសួងមហាផ្ទៃ អនុប្រធានខុសច្បាប់មួយរូបរបស់បក្សប្រឆាំងបានតវ៉ាថា «បើទោះបីអ្នកជំនាញ ច្បាប់ខំប្រឹងធ្វើយ៉ាងណា ក៏មិនត្រូវចិត្តរបស់ក្រសួងមហាផ្ទៃដែរ។ ដូច្នេះសុំឲ្យក្រសួងមហាផ្ទៃឲ្យយោបល់តែម្តងមក ថាតើត្រូវធ្វើដូចម្តេច?»។
ជុំវិញករណីនេះ ចៅចាក់ស្មុក ដែលគេដឹងថាជាអ្នកមានទស្សនៈភ្លឺនិយមមួយរូប បានចេញទស្សនៈរបស់ខ្លួនតាមរយៈលិខិតមិត្តអ្នកអានមកកាន់ អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ជាមួយចំណងជើងថា «ចេះឡើងអស់តម្រិះ»។ ខាងក្រោមនេះជាខ្លឹម សារទាំងស្រុង៖
ភ្លាមៗ ក្រោយពីរាជការក្រសួងមហាផ្ទៃ ទទួលស្គាល់ កឹម សុខា ជាមេបក្សថ្មីនៃបន្ទាយបាក់បែកព្រះអាទិត្យ និងបានបដិសេធបេក្ខភាពមេបក្សរងថ្មី ទាំងបីនាក់របស់បន្ទាយ ក្នុងនោះក៏មានបេក្ខភាពល្បង អេង ឆៃអ៊ាង ជាមេបក្សរងផងដែរ! អេង ឆៃអ៊ាង បានប្រតិកម្មថា បើទោះបីអ្នកជំនាញច្បាប់ របស់បន្ទាយសង្គ្រោះជាតិ ខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏មិនត្រូវចិត្តរបស់ក្រសួងមហាផ្ទៃដែរ។ ដូច្នេះលោក សុំឲ្យក្រសួងមហាផ្ទៃឲ្យយោបល់ តែម្តងមក ថាតើបក្សប្រឆាំង គួរតែធ្វើដូចម្តេច បានត្រូវ?
ល្បង អេង ឆៃអ៊ាង និយាយថា ទោះបីជាអ្នកច្បាប់ខ្លួនធ្វើអ្វីក៏មិនត្រូវចិត្តរាជការក្រសួងមហាផ្ទៃដែរ។ ល្បង អ៊ាង ថ្លែងដូច្នេះ ចង់យកល្អតែឯង និងកំពុងដើរតួជាជនរងគ្រោះទៀតហើយ។ ល្បង អ៊ាង មិនគួរ និយាយដូច្នោះទេ តែគួរទទួលស្គាល់ការពិត ថាអ្នកច្បាប់ក្នុងបន្ទាយរបស់ខ្លួន គ្មានអ្នកខ្លឹមមួយ វាខ្សោយពេក បានត្រឹមតែម៉ាៗយកតែសូង ស្រែកចេចចាច តែគ្មានខ្លឹមសារឡើយ។ កោតអួតថា មនុស្សមួយនគរគាំទ្រខ្លួន តែសុទ្ធតែខ្យល់។ ថារាស្ត្រទៅលោកមិនសូវយល់ដឹងពីច្បាប់ និងលក្ខន្តិកៈជ្រៅជ្រះ សូម្បីល្បង អ៊ាង ឯងក៏មើលលក្ខន្តិកៈបក្សខ្លួនឯងមិនយល់ អនុវត្តមិនត្រូវ តាមអ្វីដែលខ្លួនសរសេរ។
មិនដឹងថាមន្ត្រីគ្រាក់ៗនៃបក្សនេះដែលអួតអាងថា សុទ្ធតែអ្នកចេះលើគេមិនយល់ពីលក្ខន្តិកៈបក្សខ្លួនមែន ឬដឹងថាខុសហើយតែមិននិយាយ មិនធ្វើឱ្យត្រឹមត្រូវ ចាំស៊ីឡាក់ ក្រែងអ្នកច្បាប់រាជការមើលមិនឃើញដែរ មិនរួចខ្លួន! តែមានឯណា អ្នកច្បាប់រាជការដែលប្រកបដោយ គុណវុឌ្ឍិខ្ពស់យល់ ច្បាស់ពីហេតុការណ៍ បើកូនចៅទេវតាមិនខ្លាំង មិនអាចគ្រប់គ្រងថែរក្សាដែនដីសុវណ្ណភូមិ រាស្ត្រប្រជាបានរឹងមាំ និងការពារបន្ទាយខ្លួនបានសុវត្ថិភាពទេ។ និយាយពីកម្លាំងទៅថាចាញ់ តែបើប្រៀបធៀប IQ គ្នាក៏មិនដល់រាស្ត្រ និងរាជការ នៃនគរទេវតាទេ ដែលនគរនេះមានសណ្តាប់ធ្នាប់ និងមានការយល់ដឹងខ្ពស់។
ឥឡូវនេះដល់ពេលដែលបន្ទាយបាក់បែកព្រះអាទិត្យ ស្រែករកជំនួយហើយ ចេះអស់តម្រិះដែលខ្លួនមាន មានតែដង្ហោយរករាជការក្រសួងមហាផ្ទៃ ជួយប្រាប់ថា តើត្រូវធ្វើយ៉ាងម៉េចបានត្រឹមត្រូវ។ នេះបានយល់ថា បន្ទាយនេះកាន់តែយ៉ាប់ខ្លាំងហើយ វិលវល់ នឹងលក្ខន្តិកៈបក្សខ្លួន ខ្លាចរហូតដល់ ស្រមោលនៃលក្ខន្តិកៈបក្សនេះ មិនដឹងធ្វើម៉េចដើម្បីចៀស ផុតពីការប្រព្រឹត្តកំហុសម្តងហើយម្តងទៀត។ សំឡេងដង្ហោយរកជំនួយផ្នែកច្បាប់ពីរាជការ ក្រសួងមហាផ្ទៃនេះ ពិតជាគួរឱ្យសង្វេគណាស់។ សង្វេគព្រោះ បក្សដែលអួតថាឈ្នះគ្រប់ការបោះឆ្នោត បក្សដែលអួតថាជាអ្នកសេដ្ឋកិច្ច និងអ្នកច្បាប់ដ៏កំពូល តែគ្រាន់តែជារូបភាពបោកប្រាសប្រជាភិថុតិប៉ុណ្ណោះ តែខ្លឹមសារគ្មានឡើយ តែគ្រាន់តែជាខ្លាក្រដាស់ រហែកមួយ។
បើចៅចាក់ស្មុកជារាជការក្រសួងមហាផ្ទៃវិញ ចៅចាក់ស្មុកនឹងមិនប្រាប់តាមការដង្ហោយសួរ នេះឡើយ ទុកឱ្យបន្ទាយបាក់បែកព្រះអាទិត្យ នេះធ្វើដោយខ្លួនឯង ប្រៀបបាននឹងដាក់លំហាត់អនុវត្តច្បាប់មួយជូនដល់សព្វមុខមន្ត្រី មុខអួត អ្នកយុទ្ធសាស្ត្រស្ទើរភ្លើង និងអ្នកគាំទ្រងប់ជេរ របស់បន្ទាយព្រះអាទិត្យឱ្យដោះស្រាយឱ្យចេញខ្លួនឯង ព្រោះការដឹកនាំប្រទេសមួយបាន ត្រូវចេះដោះស្រាយបញ្ហាទាំងអស់ជូនរាស្ត្រ ជូនជាតិ ប្រឈមមុខនឹងបញ្ហាធំៗជា ច្រើនរាប់មិនអស់។
ចុះបើគ្រាន់តែលក្ខន្តិកៈបក្សដែលខ្លួនឯងសរសេរ អនុវត្តមិនត្រូវ មើលមិនយល់ផង តើឱ្យមកគ្រប់គ្រងនគរម៉េចនឹងកើត? អ្នកចងចំណងខ្លួនឯង ដោះស្រាយខ្លួនឯងទៅ ដើម្បីបញ្ជាក់ប្រាប់រាស្ត្រថា តើមាន ធនធានមនុស្សឬក៏គ្មាន កុំឱ្យឮតែសំឡេងដូចស្គរប្រហោងក្នុង។
ដោយ៖ ចៅចាក់ស្មុក