(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា និងប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីរាជការមន្ទីរជុំវិញខេត្ត ចុះសួរសុខទុក្ខសំណេះសំណាល និងចែកអំណោយដល់កងកម្លាំង ដែលឈរជើងការពារព្រំដែនសមរភូមិទិសទី១ ជុំវិញតំបន់ប្រាសាទព្រះវិហារ មុនឱកាសបុណ្យចូលឆ្នាំខ្មែរ។ កម្មវិធីនេះ ប្រារព្ធឡើងនៅទីបញ្ជាការដ្ឋានកងអង្គរក្ស ស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ចំនួន១០អង្គភាព។
លោកអភិបាលខេត្ត បានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ដែលបានលះបង់សព្វបែបយ៉ាង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ និងមានក្ដីត្រេកអរ ចំពោះកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ដែលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ត្រូវបានប្រមុខរាជរដ្ឋាភិបាល ដំឡើងប្រាក់ខែជូន ដែលទាំងនេះ បញ្ជាក់ពីការខិតខំយកចិត្តទុកដាក់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំ ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។
លោកអភិបាលខេត្ត បានសំណូមពរឲ្យកងកម្លាំង ត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានប្រគល់អំណោយដល់ បញ្ជាការដ្ឋានកងអង្គរក្ស ថវិកា១៥លានរៀល ជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកា១៥លានរៀល ជូនកងពលតូចអន្តរាគមន៍លេខ៧, លេខ៨, លេខ៩ នូវថវិការក្នុងមួយអង្គភាព ៦លានរៀល ជូនបញ្ជាការដ្ឋានសឹករងព្រះវិហារ ថវិកា១០លានរៀល ជូនបញ្ជាការដ្ឋានវរនគរបានការពារព្រំដែន៧៩៣, ៧៩៥, ១០៥ ក្នុងមួយអង្គភាពថវិកា១០លានរៀល ជូនស្នងការនគរបាលខេត្ត ថវិកា៨លានរៀល និងអាវុធហត្ថខេត្ត ថវិកា៨លានរៀល ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត៕