(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យ អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលក្រុង នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បានចាប់ខ្លួនជនជាតិវៀតណាម១១នាក់ រស់នៅខុសច្បាប់ លើទីតាំងចំនួន៥កន្លែងផ្សេងគ្នា មកសាកសួរចម្លើយ រួចរៀបចំឯកសារបញ្ជូនខ្លួន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត ពោលចាប់បញ្ជូនទៅស្រុកកំណើតវិញ។
នាយការិយាល័យនគរបាលអន្តោប្រវេសន៍ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ បានឲ្យដឹងថា យោងតាមការណែនាំជាប្រចាំរបស់ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យជំនាញយើងតែង បានចុះត្រួតពិនិត្យមើលជាប្រចាំចំពោះជនបរទេស ដែលមករស់នៅ ធ្វើការងារខុសច្បាប់ គ្មានឯកសារ អត្តសញ្ញាណគ្រប់គ្រាន់ មានលខិតឆ្លងដែនហួសកាលកំណត់ជាដើម រយៈពេលកន្លងមក កម្លាំងជំនាញយើងតែងបានឃាត់ខ្លួន បានជាបន្តបន្ទាប់រៀបចំឯកសារបញ្ជូនទៅអគ្គនាកយកដ្ឋាន ជំនាញដើម្បីចាត់ការបន្តតាមច្បាប់។
នាយការិយាល័យ បានបញ្ជាក់ថា «ជាក់ស្តែង នៅព្រឹកថ្ងៃនេះ កម្លាំងការិយាល័យជំនាញ បានចុះត្រួតពិនិត្យបានចំនួន៥ទីតាំង ផ្សេងគ្នា ក្នុងក្រុងបាត់ដំបង ដឹកនាំដោយលោក អឿន សារុន ស្នងការរងខេត្ត បាននាំខ្លួនជនជាតិវៀតណាមចំនួន១១នាក់ មានស្រី៦នាក់ ក្នុងនោះមានប័ណ្ណអ៣ ចំនួន២នាក់ស្រីម្នាក់ នៅខេត្តកណ្តាល មានសៀវភៅគ្រួសារ និងសំបុត្យកំណើតថតចម្លងស្រីម្នាក់ នៅខេត្តកំពង់ធំស្រីម្នាក់ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅខេត្តបាត់ដំបង ស្រីម្នាក់មានសៀវភៅស្នាក់នៅ មកពីខេត្តកណ្តាល និងគ្មានឯកសារគ្រប់គ្រាន់ ចំនួន៦នាក់(ស្រី២នាក់)»។
នាយការិយាល័យរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមឲ្យសហការជាមួយសមត្ថកិច្ចដើម្បី រាយការណ៍ពីជនបរទេសមករស់នៅខុសច្បាប់ ក្នុងខេត្តបាត់ដំបង ព្រោះពួកគេមករស់នៅខុសច្បាប់ ធ្វើឲ្យខាតបង់នូវថវិកាជាតិផងដែរ។ លោកបញ្ជាក់ថា «ការគ្រប់គ្រង និងត្រួតពិនិត្យជាប្រចាំនេះ មិនមែនធ្វើទៅលើតែជនជាតិវៀតណាមប៉ុណ្ណោះទេ អនុវត្តទៅលើគ្រប់ជនជាតិទាំងអស់ និងទប់ស្កាត់គ្រប់ពេលវេលា»។
បន្ទាប់ពីបាននាំខ្លួនជនជាតិវៀតណាមទាំង១១នាក់ មកសាកសួររួចមក លោកឧត្តមសេនីយ៍ ស ថេត បានបញ្ជាឲ្យការិយាល័យជំនាញ រៀបចំសំណុំឯកសារបញ្ជូនខ្លួនពួកគេ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕