(ភ្នំពេញ)៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសអំពីមូលនិធិអំណោយថ្មីមួយ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់រៀបចំការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

គំរោងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា រយៈពេល២ឆ្នាំនេះ ត្រូវបានផ្តល់ឱ្យទៅមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត និងជួយគ.ជ.ប នៅក្នុងការធ្វើយុទ្ធនាការអប់រំ អ្នកបោះឆ្នោតពង្រឹងដំណើរការដោះស្រាយវិវាទនៅក្នុងការបោះឆ្នោត និងលើកកំពស់សមត្ថភាពរបស់គ.ជ.ប ក្នុងការរកនិងកាត់បន្ថយចំណុចខ្សោយ នៅក្នុងប្រព័ន្ធបោះឆ្នោត នៅកម្ពុជា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heidt បានបញ្ជាក់ថា៖ «ការចូលរួមក្នុងការបោះឆ្នោតគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។ យើងរីករាយនឹងធ្វើការជាមួយ គ.ជ.ប អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានាដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា»

កម្មវិធីនេះ មានបន្តពីជំនួយកន្លងមករបស់ទីភ្នាក់ងារ USAID ចំពោះគជប ដែលរួមមានការវាយតំលៃសមត្ថភាពផ្ទៃក្នុង ការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការបោះឆ្នោត និងជំនួយដើម្បីធ្វើសេចក្តីប្រកាសរបស់ផ្នែកសេវាសាធារណៈស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត។អំណោយថវិកាថ្មីនេះនឹងជួយធ្វើអោយប្រាកដថា គ.ជ.ប ធ្វើតាមការបេ្តជ្ញារបស់ខ្លួន​ ក្នុងការរៀបចំការបោះឆ្នោតមួយអោយមានប្រសិទ្ធិភាព និងធ្វើកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតប្រកបដោយអត្ថន័យតាមរយៈការបោះឆ្នោតឃុំ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨៕