អភិបាលសាលាខណ្ឌសែនសុខ ដឹកនាំមន្រ្តីនិមន្តព្រះសង្ឃ៤៩អង្គ សូត្រមន្ត រាប់បាត្រលើរាសី និងអបអរសាទរបុណ្យចូលឆ្នាំថ្មី
06-04-2017 11:59
(ភ្នំពេញ)៖ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខណ្ឌសែនសុខដឹកនាំដោយលោក ប៉ិល កុសល ជាអភិបាលខណ្ឌ និងលោក អ៊ូវ ឡៃ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ បាននិមន្តព្រះសង្ឃចំនួន៤៥អង្គ ដើម្បីសូត្រមន្ត ប្រោះព្រំលើករាសី និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ។
នាឱកាសនេះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ក៏បានឧទ្ទិសមហាកុសលជូនទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងដួងវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះសាលាខណ្ឌសែនសុខ និងសង្កាត់ ដែលបានធ្វើមរណកាល ទៅកាន់លោកខាងមុខហើយនោះ សូមឲ្យបានទៅកាន់សុគតិភព។
ការជួបជុំថ្នាក់ដឹកនាំ មន្ត្រីរាជការនាឱកាសនេះ ក៏ដើម្បីអបអរសាទរជោគជ័យ នៃការងារធំៗ របស់សាលាខណ្ឌសែនសុខ ដែលបានសម្រេចកិច្ចការបំរើដល់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំមកនេះ និងដើម្បីជាការចូលរួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរៀបចំពិធីតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំរកា ដែលនឹងយាងមកឃុំគ្រងថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
នៅរៀងរាល់ឆ្នាំ នៅមុនពិធីបុណ្យចូលឆ្នាំជិតមកដល់ សាលាខណ្ឌសែនសុខ តែងបានធ្វើការណែនាំដល់គ្រប់ស្ថាប័នសាធារណៈ ឯកជន នៅក្នុងខណ្ឌ រៀបចំតុបតែងលំអរ ភ្លើងពណ៌ ដាក់បដាពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និងរៀបចំគ្រឿងសក្ការបូជាផ្សេងៗ ដើម្បីថ្វាយព្រះរតនត្រ័យ និងដើម្បីទទួលអំណរឆ្នាំថ្មី តាមប្រពៃណី និងទំនៀមទំលាប់របស់ជាតិ៕