(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានប្រាប់ទៅកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងខេត្តត្រូវរៀបចំផែនការ ដើម្បីថែរក្សាការពារ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សារធារណៈចរាចរណ៍ តាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសុវត្តិភាព សេចក្តីសុខ ក្សេមក្សាន្ត និងសេចក្តីសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពិសេសត្រូវមានវិធានការទប់ស្កាត់ និងបំបាត់ នូវសម្មភាពណា ដែលល្មើសច្បាប់ ប្រាស់ចាក និងទំនៀមទម្លាប់ប្រពៃណីជាតិ ព្រមទាំងចាត់តាំងឲ្យមានការ អុជកាំជ្រួច អបអរសាទររយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៩៖០០នាទីយប់នៅមាត់បឹងកន្សែង។
ការដាក់ផែនការនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រោមវត្តមានលោក ថង សាវុន ដោយបានធ្វើការណែនាំដល់ មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំ្ថថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ពេលឆាប់ៗនេះ។
លោក ថង សាវុន បានថា ដើម្បីបង្កភាពសប្បាយរីករាយ និងរក្សាបាននូវប្រពៃណី និងទំនៀមទំលាប់របស់ជាតិឲ្យបានគង់វង្យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា និងចូលមកដល់នាពេលដ៍ខ្លីខាងមុខនេះ គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវរៀបចំ ដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះករុណាជីវិតតំកល់លើត្បូង ព្រះមហាក្សត្រនៃកម្ពុជា, ព្រះករុណាព្រះបរមរតនកោដ្ធ និងព្រះមហាក្សត្រី ព្រះវរៈរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត ដោយមានការតុបតែងលំអរ កំណាត់បូ បំភ្លឺ ភ្លើងពណ៌ ចងទង់ជាតិ និងចង់បដាពាក្យស្លោកអោយបានស័ក្តិសម។
លោកបានបន្ថែមថា ចំពោះទីតាំងសាលារៀន, វត្តអារាម, ក្រុង, ស្រុក,ឃុំ,សង្កាត់ ត្រូវមានកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺ នៅតាមមន្ទីរពេទ្យ មណ្ឌលជនពិការ ចាស់ជរា ជនពិការ និងកុមារកំព្រា រដ្ឋបាលក្រុងស្រុក ត្រូវធ្វើការណែនាំ ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មណ្ឌលកំសាន្ត រម្មនីយ៍ដ្ឋាននានា និងគ្រប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវអនុវត្តន៍ធ្វើអនាម័យសំអាត និងរៀបចំតុបតែងលំអរ លើកទង់ជាតិ ទង់ជ្វាលា ទង់សាសនា បំភ្លឺភ្លើងពណ៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង។
ក្រៅពីនោះលោកអភិបាលខេត្ត ក៏បានណែនាំឲ្យរដ្ឋបាលក្រុងស្រុកទាំង៩ ត្រូវចាត់តាំងឲ្យមានលេងល្បែង ប្រជាប្រិយ របស់ជាតិមានដូចជា ចោលឈូង បោះអង្គុញ ទាញព្រាត់ ទាត់សី លាក់កន្សែង រាំកំសាន្តចង្វាក់ប្រពៃណី តាមមណ្ឌលកំសាន្ត ឬទីតាំងដែលសមគួរ ហើយជៀសវាង និងទប់ស្កាត់ឲ្យបាន នូវល្បែងណាដែលប្រាស់ចាកពីច្បាប់ ហើយខុស និងប្រពៃណីជាតិមានដូចជា៖ ល្បែងស៊ីសង ល្បែងភ្នាល់ ល្បែងជះទឹក បាញ់ទឹក លាបធ្បូង និងគ្រឿង ផ្ទុះ ផ្សេងៗ ទន្ទឹម និងនេះត្រូវបំផុសស្មារតី ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការ ដុត ទៀន ធូប ភ្លើងចង្ក្រាន ផ្សេងៗ ដែលនាំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង៕