Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ម៉ែន សំអន ជំរុញឲ្យកម្លាំងប្រដាប់អាវុធពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទូទាំងខេត្តស្វាយរៀង ឲ្យបានខ្លាំងនាឱកាសបុណ្យចូលឆ្នាំ

06-04-2017 11:18

(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្នមន្ត្រី និងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាដើម។

ការថ្លែងជំរុញខាងលើនេះ បានធ្វើឡើងពេលលោកស្រី អញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង ដែលមានការចូលរួមពីមន្ត្រីរាជការស្រុកក្រុងទាំងអស់ ព្រមទាំងការចូលរួមពីតាមមន្ទីរនានាជុំវិញខេត្ត ភ្ញៀវវៀតណាមដែលមានខេត្ត ជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញផងដែរ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាល បានដាក់ចេញទទួលបានជោគជ័យមួយកំរិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៧នេះ។

លោកស្រី ម៉ែន សំអន បានលើកឡើងទៀតថា «រាជរដ្ឋាភិបាល បានគៀងគរអ្នកវិនិយោគក្នុង និងក្រៅប្រទេសមកបណ្តាក់ទន់រកស៊ីដូចជា ខេត្តស្វាយរៀងយើងនេះ មានរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្រូបយកកម្មករ និយោជិកបានជាច្រើនម៉ឺននាក់ និងបានកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋហើយក៏បានកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ»