(ភ្នំពេញ)៖ ជម្លោះដីធ្លីមួយកន្លែង បានកើតឡើនៅខេត្តព្រៃវែង ដោយសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យលក់ម្ដងរួចមកហើយ តែភាគីម្ខាងមិនសុខចិត្ត រហូតឡើងដល់សាលាឧទ្ធរណ៍ ពេលនោះសាលាឧទ្ធរណ៍បានសម្រេចឲ្យសាលាដំបូងខេត្តព្រៃវែង អនុវត្តនីតិវិធីឡើងវិញ ព្រោះចេញដីកាខុសនីតិវិធី នាំឲ្យខូចប្រយោជន៍របស់គូភាគី។
ប្រភពព័ត៌មានពីសាលាដំបូងខេត្តព្រៃវែង បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ឈ្មោះ ពុធ ផាត បានទិញដី និងផ្ទះមួយកន្លែង ស្ថិតនៅភូមិត្នោតទ្រេត ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ពីឈ្មោះ ជី ហឿង ដោយមានការផ្ទេរសិទ្ធិ មានអាជ្ញាធរមូលដ្ឋានដឹងឮត្រឹមត្រូវតាមច្បាប់ទាំងអស់។
ស្រាប់តែនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ មានគេយកដីកាបង្គាប់ឲ្យលោក ពុធ ផាត លក់ឡៃឡុងដី និងផ្ទះរបស់ខ្លួន តាមដីការបស់តុលាការខេត្តព្រៃវែង ជាហេតុធ្វើឲ្យលោក ពុធ ផាត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ម្នីម្នារត់ទៅដាក់ពាក្យបណ្ដឹងទាស់ នៅសាលាដំបូងខេត្តព្រៃវែងតែម្ដង។
ក្រោយពីបានទទួលបានពាក្យបណ្ដឹងហើយ លោក សុខ កល្យាណ ប្រធានតុលាករខេត្តព្រៃវែង ដែលជាចៅក្រមអនុវត្តក្នុងសំណុំរឿនេះ បែរជាចេញដីកាសម្រេចលើកចោលពាក្យបណ្ដឹងទាស់ របស់លោក ពុធ ផាត ទៅវិញ ដោយលើកសំអាងថា លិខិតផ្ទេរសិទ្ធិកាន់កាប់ដី និងផ្ទះ របស់លោក ពុធ ផាត ធ្វើក្រោយពីតុលាការអនុវត្តចេញដីកាបង្គាប់ឲ្យលក់។
ប្រភពព័ត៌មានបានបន្តថា ក្រោយពីលោកចៅក្រម សុខ កល្យាណ ចេញដីកាសម្រេចលើកចោលពាក្យបណ្ដឹងទាស់ដូចនោះហើយ លោក ពុធ ផាត បានទៅដាក់ពាក្យបណ្ដឹង នៅសាលាឧទ្ធរណ៍បន្ត ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
លុះដល់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ បានបើកសវនាការ នៅចំពោះមុខគូភាគីម្ចាស់បំណុល និងចុងបណ្ដឹងទាស់តែម្ដង។ ក្រោយសាកសួរដេញដោលរួចមក ក្រុមប្រឹក្សាជំនុំជម្រះបានលើកសំអាងហេតុថា ដីកាសម្រេចលើកចោលពាក្យបណ្ដឹងទាស់ របស់សាលាដំបូងខេត្តព្រៃវែង ដែលសម្រេចលើកចោលពាក្យបណ្ដឹងទាស់ របស់លោក ពុធ ផាត នោះ មិនសមស្របតាមនីតិវិធី ដែលមានចែងក្នុងមាត្រា៤២០ មាត្រា៣៦៥ និងមាត្រា៣៦៨ នៃក្រមនីតិវិធីរដ្ឋប្បវេណីឡើយ។
ដើម្បីអនុវត្តតាមស្មារតី នៃមាត្រា៨១ មាត្រា២១៦ មាត្រា២៧៩ និងមាត្រា២៨០ នៃក្រមនីតិវិធីរដ្ឋប្បវេណី សាលាឧទ្ធរណ៍បានសម្រេចលប់ចោលដីកាសម្រេចនេះតែម្ដង ដោយបង្វិលសំណុំរឿងក្ដីទៅឲ្យសាលាដំបូងខេត្តព្រៃវែង ចាត់ការឲ្យស្របតាមនីតិវិធីច្បាប់ឡើងវិញ៕