(តាកែវ)៖ ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាត បូកសរុបលទ្ធផលសុខាភិបាល ប្រចាំឆ្នាំ២០១៦ និងលើកទីសដៅការងារឆ្នាំ២០១៧របស់ខ្លួន នៅព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៧នេះ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នមន្ទីរសុខាភិបាល មានជំនឿទុកចិត្តយ៉ាងខ្លាំង ទៅលើអង្គភាពផ្ដល់សេវាសាធារណៈរបស់រដ្ឋ «មន្ទីរពេទ្យ មណ្ឌលសុខភាព» នៅទូទាំងខេត្តតាកែវ ដែលបានបំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ និងទទួលបានចំណាត់ថ្នាក់លេខ៣ បើប្រៀបធៀបធៀប និងខេត្តក្រុង២៥នៅទូទាំងប្រទេស។
លោកវិជ្ជបណ្ឌិត នុត ស៊ីណាត បានបញ្ជាក់ថា «ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្ត កាន់តែច្រើនឡើងៗ នៅពេលដែលមានបញ្ហាសុខភាព ពួកគាត់តែងតែមកពិគ្រោះ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរបស់រដ្ឋ ជាពិសេសស្រ្តីបានចូលមកសម្រាលកូន នៅក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់រដ្ឋ ក៏កាន់តែមានការកើនឡើងផងដែរ។ វាគឺជាសន្ទុះមួយដែលគួរឲ្យចាប់អារម្មណ៍ ហើយវាក៏បង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកាន់តែមានជំនឿចិត្ត ចំពោះការផ្ដល់សេវាសធារណៈរបស់រដ្ឋ លើវិស័យសុខាភិបាលនេះផងដែរ»។
នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ក៏បានធ្វើការដាស់តឿនឲ្យមន្រ្តីសុខាភិបាលក្នុងខេត្តទាំងអស់ ខិតខំពង្រឹងបន្ថែមទៀតជាពិសេស លើក្រមសីលធម៌វិជ្ជាជីវៈ អត្តចរិកស្លូតបូត រាក់ទាក់ប្រកបដោយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ចូលមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ ប្រកបដោយសមធម៌ ដើម្បីឈានទៅកាត់បន្ថយអាត្រាឈឺ អាត្រាស្លាប់ កាត់បន្ថយជំងឺឆ្លងនិងបញ្ហាផ្សេងៗទៀត ដើម្បីឆ្លើយតបទៅ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕