(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ មិត្តអ្នកអានម្នាក់ជាសាស្ត្រាចារ្យ ស្រុកឆ្លូង ខេត្តក្រចេះ បានផ្ញើនូវលិខិតជាទស្សនៈមតិរបស់ខ្លួន មកកាន់អង្គភាពព័ត៌មាន Fresh News ជាមួយចំណងជើងថា «បូសខ្នុរបង្ហាញមុខ»។
ដោយមិនធ្វើអត្ថាធិប្បាយ សូមចុះផ្សាយខ្លឹមសារទាំងស្រុងដូចតទៅ៖
ថ្ងៃចន្ទពណ៌ខ្មៅ ជាចលនាបដិវត្តពណ៌ដែលមានអង្គការចាត់តាំងរៀបចំ! ចលនាថ្ងៃចន្ទពណ៌ខ្មៅដែលមនុស្សមួយក្រុម តែងតែរៀបចំជារៀងរាល់ សប្តាហ៍នោះ មិនមែនជាព្រឹត្តិការណ៍នៃការតវ៉ាធម្មតាទេ។ ប៉ុន្តែវាគឺជាការបង្កាត់ភ្លើងចលនាបដិវត្តន៍ពណ៌ ដែលមានការរៀបចំយ៉ាងល្អិតល្អន់ជា ខ្សែបណ្តាយក្រោមការចាត់តាំងផ្តល់គំនិត និងហិរញ្ញវត្ថុពីបរទេស ថែមទៀតផង។ គេនៅចាំបានថា ដំបូងឡើយ គឺលោក ប៉ា ងួនទៀង ដែលជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងដែលមានវិទ្យុ VOD ជាឧបករណ៍ គឺជាអ្នកប្រកាសចលនាថ្ងៃចន្ទពណ៌ខ្មៅនេះ។គោលបំណងរបស់ពួកគេគឺ ការបង្កព្យុះភ្លៀងមិនឱ្យសង្គមមួយនេះបានស្ងប់សុខ។
តាមរយៈចលនានេះ ពួកគេរំពឹងទុកថា អាចនឹងបញ្ឆេះកំហឹងរបស់ពលរដ្ឋឱ្យខ្មែរឱ្យស្អប់រាជរដ្ឋាភិបាលកាន់តែច្រើនឡើង ហើយទីបំផុតចាក់សាំងបង្ក ឱ្យទៅជាចលនាបដិវត្តន៍ពណ៌ខ្មៅ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងដឹកនាំប្រទេស។
ដើម្បីធ្វើចលនានេះ អ្នករៀបចំបានបង្ហាត់បង្រៀន និងផ្តល់ហិរញ្ញវត្ថុដល់សមាជិកក្រុមឱ្យចេះរៀបចំកម្មវិធីប្លែកៗដើម្បីទាក់ទាញការចាប់អារម្មណ៍។ ជាក់ស្តែង ខុសពីអ្នកតវ៉ាធម្មតា ពួកគេ ម្តងរៀបចំតវ៉ាបែបនេះ ម្តងបែបនោះ ដោយពេលខ្លះមានទាំងចម្រៀងដែលគេនិពន្ធឱ្យ និងដែលពួកគេទន្ទិញ រត់ចាំមាត់។ អ្វីដែលជាការគួរឱ្យកត់សម្គាល់គឺ ក្រុមនេះមានជំនាញ និងអាជីពជាអ្នកសម្តែងយ៉ាងស្ទាត់ជំនាញ។ នៅពេលមានការតវ៉ាម្តងៗ ពួកគេតែតែធ្វើដោយបំពានច្បាប់ បំពានបម្រាមរបស់អាជ្ញាធរ។ នៅពេលសមត្ថកិច្ចរារាំង ពួកគេបំពានទៅលើកម្លាំងសមត្ថកិច្ច ជេរប្រមាថភ្នាក់ងារ នគរបាល និងពេលខ្លះវាយទៅលើសមត្ថកិច្ចទៀតផង។
បើសមត្ថកិច្ចហ៊ានប៉ះពួកគេតែបន្តិច ពេលនោះ ក្រុមសម្តែងក៏បានបញ្ចេញស្ទីលយ៉ាងស្ទាត់ជំនាញ៖ ពេលខ្លះធ្វើដួលច្រងាប់ច្រង៉ិល ពេលខ្លះធ្វើជាសន្លប់ ដើម្បីឱ្យក្រុមអ្នកសារព័ត៌មាន និងអ្នកលេងហ្វេសប៊ុកដែលសុទ្ធសឹងជាបក្សពួករបស់ខ្លួនថតរូបបង្ហោះ និងផ្សាយយ៉ាងព្រោងព្រាតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអាជ្ញាធររាជរដ្ឋាភិបាល ក៏ដូចជាដើម្បីបញ្ឆេះកំហឹងរបស់ពលរដ្ឋខ្មែរឱ្យស្អប់អាជ្ញាធរ។
ពេលខ្លះទៀតថែមទាំងបំប៉ោងថា ប៉ះពាល់ដល់កូនក្នុងផ្ទៃ ដើម្បីធ្វើឱ្យឈុតឆាករឹតតែកម្សត់ក្នុងន័យទាក់ទាញការអាណិតអាសូរពីមហាជន ក៏ដូចជាពីសហគមន៍អន្តរជាតិ។ ក្រៅពីបណ្តាញហ្វេសប៊ុករបស់ខ្លួន ក្រុមនេះក៏មានវិទ្យុអាស៊ីសេរី វិទ្យុវីអូឌី និង វីអូអេ និងសារព័ត៌មានបរទេស មួយចំនួនទៀតជាអ្នកជួយបំពងសំឡេងឱ្យកាន់តែកងរំពងថែមទៀត។
គេក៏នៅចាំបានដែរថា ក្រុមដែលមានអង្គការចាត់តាំងយ៉ាងត្រឹមត្រូវមួយនេះធ្លាប់បានសាកល្បងផ្តួលរំលំគណបក្សកាន់អំណាចម្តងហើយកាលពីឆ្នាំ ២០១៣ បន្ទាប់ពីពួកគេចាញ់ឆ្នោតមិនបានកាន់អំណាចដូចបំណង។ តែការសាកល្បងនេះត្រូវទទួលបរាជ័យទាំងស្រុងទោះបីនៅពេលនោះ ក្រុមជនបរទេសមួយចំនួនដែលមានជំនាញផ្នែកប្រតិបត្តិការបដិវត្តពណ៍បានមកសំងំនៅក្នុងសណ្ធាគារមួយក្បែរវត្តភ្នំដើម្បីដឹកនាំបញ្ជាផ្ទាល់យ៉ាងណាក៍ដោយ។ ទោះជាយ៉ាងនេះក្តី ក៏ពួកគេនៅតែបន្តចិញ្ចឹមចិត្តរកកលល្បិចផ្តួលរំលំបក្សកាន់អំណាច ដោយមិនបោះបង់ឡើយពីព្រោះពួកគេ យល់ច្បាស់ថា គ្មានថ្ងៃអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតនោះឡើយ។ ម្តងនេះ ពួកគេបង្កើតចលនាបដិវត្តពណ៌ វិញម្តងតាមរយៈចលនាថ្ងៃចន្ទពណ៌ខ្មៅដើម្បីផ្លាស់ប្តូររូបភាពនៃការប៉ុនប៉ងសារជាថ្មីទៀតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។
ប៉ុន្តែដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់យល់ច្បាស់ថា គ្មានអ្វីប្រសើរជាងសន្តិភាព និងស្ថិរភាពនយោបាយ ហើយមានតែគណបក្ស កាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលជាអ្នកធានាបាននូវសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស ទើបពួកគេមិនចូលរួម ជាមួយក្រុមនេះទេ។ ជាលទ្ធផល ក្រុមថ្ងៃចន្ទពណ៌ខ្មៅមិនត្រឹមតែមិនអាចរីកលូតលាស់ទៅមុខប៉ុណ្ណោះទេ តែថែមទាំងកាន់តែរេចរឹលទៅជាលំដាប់។
ទោះជាយ៉ាងណា ក្រុមនេះមិនបោះបង់ចោលលនូវមហិច្ឆតារបស់ខ្លួនឡើយ ហើយនៅតែខំត្រដរខ្យល់ដោយមានវិទ្យុអាស៊ីសេរីជាអ្នកជួយចូកជួយចែ ជួយគាស់ឱ្យមានជីវិតជីវ៉ាកុំឱ្យផុតរលត់។ ជារៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃចន្ទ វិទ្យុមួយនេះតែងតែខំផ្សាយបំប៉ោងអំពីចលនាអាវខ្មៅនេះ ជាដរាបមិនដែលខានឡើយបើទោះបីជាមានមនុស្សតែមួយដំបរស្វាចូលរួមក៏ដោយ។ ពេលខ្លះដើម្បីកុំឱ្យមានរូបភាពយ៉ាប់ពេក លោក ប៉ា ងួនទៀង និងលោក ជុន ច័ន្ទបុត្រ ក៏នាំទាំងគ្រួសារ ប្រពន្ធកូនពាក់អាវខ្មៅហើយបង្ហោះតាមហ្វេសប៊ុក ដើម្បីចូលរួមជាមួយតួសម្តែងមុខដដែលៗ ប៉ុន្មាននាក់នោះ ដែលពេលខ្លះកំពុងបាក់កម្លាំងចិត្តយ៉ាងខ្លាំងដោយសារតែគ្មានអ្នកចូលរួមជាមួយដូចការរំពឹងទុក។
យ៉ាងណាក៏ដោយក្រុមនេះនឹងបន្តត្រដរខ្យល់ម្តងទៀត ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះ ដើម្បីជួយរកសំឡេងឆ្នោតឱ្យបក្សប្រឆាំង។ ដូច្នេះតើអាជ្ញាធរគួរចាត់វិធានការបែបណាចំពោះក្រុមអាវខ្មៅតំណាងឱ្យពួករបបប្រល័យពូជសាសន៍ប៉ុល ពតមួយក្រុមនេះ? និងតើអ្នកនៅពីក្រោយចលនានេះនឹងត្រូវទទួលទោស បែបណាជាពិសេសគឺជនបរទេសដែលកំពុង ដើរតួយ៉ាងសកម្មជាលោកគ្រូ «កុង ស៊ុន» ?
ដោយ៖ សាស្ត្រាចារ្យ ស្រុកឆ្លូង ខេត្តក្រចេះ