(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានណែនាំឲ្យម្ចាស់អាជីវកម្មទេសចរណ៍ ដែលស្ថិតនៅមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ ត្រូវប្រញាប់រួសរាន់ទៅដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃសាលាខណ្ឌឫស្សីកែវ។
ការដាស់តឿននេះ គឺដើម្បីឲ្យពួកគាត់ចូលរួមគោរពច្បាប់ទាំអស់គ្នា និងជៀសវាងពីការប្រកបរបរអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណ ពោលគឺគ្មានច្បាប់អនុញ្ញាត ដែលអាចប្រឈមការផាកពិន័យ និងផ្អាកអាជីវកម្មថែមទៀត។
លោក ជា ពិសី លើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្ដីពីទេសចរណ៍ នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងសាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោកស្រីអភិបាលរងខណ្ឌ លីរ៉ូ ហ្សាម៉ី និងលោក ម៉ៅ និរុ អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ រួមនិងម្ចាស់អាជីវកម្មទេសចរណ៍តូចធំ មានសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួលស្នាក់នៅ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារកាហ្វេ ហាងលក់សាច់អាំង ម៉ាស្សា-ស្បា ខារ៉ាអូខេ បៀរហ្គាឌិន រង្គសាល-ឌីស្កូតែក ស្នូកឃ័រ រថយន្ដដឹកទេសចរ ម៉ូតូឌុបទេសចរ ម៉ូតូជួលទេសចរ និងរ៉ឺម៉កម៉ូតូដឹកទេសចរជាដើមប្រមាណ១៣០នាក់។
លោក ជា ពិសី បានថ្លែងយ៉ាងដូច្នេះថា «អាជីវកម្មទេសចរណ៍ ដែលគ្មានអាជ្ញាបណ្ណ គឺស្មើនឹងគ្មានការអនុញ្ញាតពីអាជ្ញាធរសង្កាត់ ខណ្ឌ និងរាជធានី។
លោក ម៉ៅ និរុ បានលើកឡើងថា ដើម្បីចូលរួមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីបញ្ជៀសរាល់ភាពអវិជ្ជមាននានា រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌ ចាំបាច់ត្រូវអនុវត្តតាមលក្ខ័ខណ្ឌមួយចំនួន រួមមាន៖
១- កំណត់លក្ខណៈវិនិច្ឆ័យ លើទីតាំងអាជីវកម្មក្លឹបកម្សាន្ដទេសចរណ៍មនុស្សពេញវ័យ។ ត្រូវមានចម្ងាយយ៉ាងតិច ២០០ម៉ែត្រ ពីបរិវេណក្រសួង ស្ថាប័ន គ្រឹះស្ថានរដ្ឋបាលសាធារណៈ ស្ថានទូត មន្ទីរពេទ្យ សាលារៀន ទីតាំងសាសនា ទីតាំងបតិកភណ្ឌវប្បធម៌។
រង្គសាលឌីស្កូតែក និងបៀរហ្គាឌិន ចាប់ដំណើរការអាជីវកម្មពីម៉ោង១៨ដល់ម៉ោង២៤។ ខារ៉ាអូខេចាប់ដំណើរការអាជីវកម្មពីម៉ោង១០ ដល់ម៉ោង២៤ ទើបមិនបង្កការរំខានដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានរដ្ឋបាលសាធារណៈ ស្ថានទូត មន្ទីរពេទ្យ សាលារៀន ទីតាំងសាសនា និងការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង។
ធានាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានល្អ និងកែលម្អប្រព័ន្ធសម្លេង ប្រព័ន្ធការពារអគ្គិភ័យ ទៅតាមស្តង់ដាបច្ចេកទេស និងត្រូវមានច្រកសុវត្ថិភាពជាចាំបាច់។
២- ណែនាំដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្ដទេសចរណ៍មនុស្សពេញវ័យទាំងអស់ ឲ្យអនុវត្តតាមកិច្ចសន្យាដែលបានព្រមព្រៀងជាមួយរដ្ឋបាលសង្កាត់ ខណ្ឌ តាមខ្លឹមសារថា ត្រូវធានាមិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ទំនៀមទម្លាប់ប្រពៃណីជាតិ សេចក្ដីថ្លៃថ្នូរ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
មិនត្រូវយកអាជីវកម្មរបស់ខ្លួនធ្វើជាកន្លែងជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន សេវាកម្មផ្លូវភេទ ប្រព្រឹត្តអំពើអនាចារ អំពើអាសអាភាស និងបើកល្បែងស៉ីសងគ្រប់ប្រភេទជាដាច់ខាត។
មិនអនុញ្ញាតឲ្យក្មេងក្រោមអាយុ១៦ឆ្នាំ ចូលស្នាក់នៅក្នុងទីតាំងអាជីវកម្មសប្បាយផ្សេងៗតែម្នាក់ឯង ដោយគ្មានការចូលរួមដំណើរពីអាណាព្យាបាល ឬឪពុកម្ដាយ និងហាមយុវជន-យុវនារីក្រោមអាយុ១៨ឆ្នាំ ចូលក្នុងទីតាំង និងហូបគ្រឿងស្រវឹង។
មិនអនុញ្ញាតឲ្យមានការបង្កទំនាស់ និងផ្ទុះអាវុធក្នុងទីតាំងជាដាច់ខាត។ ត្រូវសហការជាមួយសមត្ថកិច្ច ក្នុងករណីហេតុការណ៍គួរសង្ស័យណាមួយ ដែលពាក់ព័ន្ធការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន អំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឬមានការប្រព្រឹត្តបទល្មើសផ្សេងៗ។
៣- បង្កើតក្រុមការងារថ្នាក់ខណ្ឌ ដើម្បីបន្តចុះត្រួតពិនិត្យគ្រប់ទីតាំងដែលបានអនុញ្ញាត ដោយសង្កេតពីផលប៉ះពាល់ និងបញ្ហាវិជ្ជមានផ្សេងៗ។
៤- ពង្រឹងយន្ដការអនុវត្តច្បាប់ឲ្យបានតឹងរឹង ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមកិច្ចសន្យា និងត្រូវចាត់វិធានការចាំបាច់ ដូចជា បិទអាជីវកម្ម ឬកសាងសំណុំឯកសារបញ្ជូនទៅតុលាការតែម្ដង។
យោងតាមមាត្រា៦៥ នៃច្បាប់ស្ដីពីទេសចរណ៍ ចែងថា បុគ្គលណាដែល ប្រកបអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវអន្តរការណ៍ ជាទឹកប្រាក់ដែលអប្បបរមា ស្មើនឹង ២,០០០,០០០រៀល និងអតិបរមាមិនលើសពី ២០,០០០,០០០រៀល៕