(បន្ទាយមានជ័យ)៖ ដោយមានការគិតគូយ៉ាងយកចិត្តទុកដាក់ ពីសំណាក់លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដែលបានលើកទំនប់ទប់ទឹកស្ទឹងសិរីសោភ័ណរួចមក ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង មានទឹកប្រើប្រាស់ ប្រកបរបរប្រចាំថ្ងៃ និងស្រោចស្រពផលដំណាំបានគ្រប់គ្រាន់ ជំរុញឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរឡើងជារើយៗ។
ជាក់ស្ដែងប្រជាពលរដ្ឋនៅភូមិកំព្រីង សង្កាត់ភ្នៀត និងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បានទទួលផលដំណាំយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសក្តានុពលទឹកស្ទឹង ដូចជា ការដាំដុះដំណាំរួមផ្សំនានា មានបន្លែបង្ការ ត្រសក់ ននោង ប៉េងប៉ោះ សណ្តែកគួរ ស្រូវ ជាដើម ដែលបានជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ របស់ពួកគាត់។
លោក ស៊ូ ប៊ុនរ៉េត ជាប្រជាកសិករដាំដំណាំ និងបន្លែ នៅភូមិកំព្រីងបានឲ្យដឹងថា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកទំបន់ទប់ទឹកស្ទឹងសិរីសោភ័ណ មានទឹកប្រើបរិបូរណ៍ គ្រួសារលោកផ្ទាល់ ក៏ដូចជាប្រជាកសិករដទៃ មានការសប្បាយរីករាយពន់ពេក ដោយសារការដាំដុះដំណាំ និងធ្វើស្រែចម្ការតាមដងស្ទឹង ទទួលបានទិន្នផលខ្ពស់។
លោកបន្តថា ឆ្នាំនេះទិន្នផលដំណាំទទួលបានខ្ពស់ ហើយតម្លៃសមរម្យ មានទីផ្សារលក់គ្រប់គ្រាន់ ក្នុងមួយថ្ងៃៗ ពួកគាត់រកចំណូលបានពី ៦ម៉ឺនទៅ៧ម៉ឺនរៀល៕