(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាអចិន្ត្រៃយ៍សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ បានជម្រុញឲ្យបណ្តាញសមាគមនារីថ្នាក់ស្រុក ឃុំ និងភូមិ ត្រូវតែបង្កើនសមត្ថភាព ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ពីព្រោះនារីគឺជាឆ្អឹងខ្នង សេដ្ឋកិច្ចសង្គម ដ៏សំខាន់មិនអាចខ្វះបាន ដោយហេតុថា នារីជាកម្លាំងចលករ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
ការជម្រុញរបស់លោកស្រី ឯម ប៉ុណ្ណា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស និងទទួលស្គាល់ សមាសភាព បណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់ភូមិ លើ៥ឃុំ ទូទាំងស្រុកវាលវែងចំនួន៩៣រូប ដោយបានការអញ្ជើញចូលរួមពី លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត លោក អ៊ួន យ៉ង់ ប្រធានក្រុមប្រឹក្សាស្រុកវាលវែង អាជ្ញាធរស្រុក និងសមាជិកាសមាគមនារីខេត្តស្រុកយ៉ាងច្រើនកុះករ។
លោកស្រី ឯម ប៉ុណ្ណា បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកស្រ្តី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ ព្រមទាំងបានគាំទ្រជួយជា ជំនួយទាំងសម្ភារ ស្មារតី ក្នុងន័យលើកកម្ពស់ តួនាទីស្រ្តី ឲ្យកាន់តែមានតម្លៃ។
លោកស្រីបានលើកទៀតថា ដោយយល់ឃើញថា ស្រ្តីជាត្បូងពេជ្រដ៏មានតម្លៃ និងកំពុងត្រូវបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមជាតិនេះហើយ បានជាកន្លងមកសម្តេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តែងតែផ្តល់នូវកម្លាំង ស្មារតី និងសម្ភារដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីខ្មែរ និងគ្រួសារខ្មែរ គ្រប់បណ្តាក្រសួង មន្ទីរ អង្គភាព ឲ្យមានតម្លៃ និងមានលទ្ធភាព បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព។
គួរបញ្ជាក់ថា នេះជាស្រុកទី៣ហើយ ដែលសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំប្រកាសទទួលស្គាល់ជាផ្លូវការ នូវសមាសភាពបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់ភូមិថ្នាក់ឃុំ សរុបចំនួន៨៥៨រូប ហើយនឹងបន្តប្រកាសទទួលស្គាល់ ៣ស្រុក/ក្រុងទៀត រួមមានស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ក្នុងគោលបំណងធ្វើឲ្យនារីនៅមូលដ្ឋាន បានយល់ដឹងអំពីសិទ្ធិ និងតួនាទីភារកិច្ចរបស់ខ្លួនក្នុងសង្គម ដើម្បីឈានទៅលុបបំបាត់ចោល នូវទស្សនៈកាលមើលស្រាល ខ្វះជំនឿជឿជាក់ខ្លួនឯង បន្តខិតខំបង្កើនសមត្ថភាព និងយកអស់នូវកម្លាំងកាយចិត្ត ក្នុងការរួមចំណែកឲ្យបានទូលំទូលាយ ដើម្បីឈានទៅសម្រេចផែនការទាំងឡាយ ស្របតាមគោលការរបស់អាជ្ញាធរដែនដី ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងពិធីប្រកាសនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកសមាជិកាដែលចូលរួមជិត២០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ដែលជាអំណោយផ្ទាល់របស់ លោក ម៉ៅ ធនិន និងលោកស្រីផងដែរ៕